ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ថោង ខុន និងលោក សាយ សំអាល់ គាំទ្រចំពោះប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរមុខរបរដើម្បីកំណើនជីវភាព

កំពង់ធំ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញការគាំទ្ររួមគ្នាចំពោះបងប្អូនប្រជាសហគមន៍មូលដ្ឋានលើការបង្កើតផែនការ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្លាស់ប្តូរមុខរបរដើម្បីកំណើនជីវភាព ។

លោករដ្ឋមន្ត្រីទាំង ២ បានថ្លែងបែបនេះ នៅក្នុងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋជិត ៣០០នាក់ នៅក្នងសហគមន៍អូលួ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២០។ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាសប្បាយរីករាយពេលបងប្អូនសម្រេចជោគជ័យក្នុងការបង្កើនជីវភាពរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ រួមគ្នាបង្កើត សហគមន៍និងចុះបញ្ជីស្របតាមច្បាប់។ ចំពោះសំណើរបស់ប្រជាពលរដ្ឋ ក្រសួងជំនាញបានបើកបេះដូងចំហ ប៉ុន្តែត្រូវអនុវត្តតាមវិធីច្បាប់ត្រឹមត្រូវ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា ក្នុងនាមជាអាជ្ញាធរដែនដី នឹងប្ដេជ្ញាចិត្តចាំជួយដោះស្រាយ និងចុះជាប់ជាមួយប្រជាពលរដ្ឋក្នុងការសម្របសម្រួល នៅពេលណាដែលប្រជាពលរដ្ឋត្រូវការឱ្យ អាជ្ញាធរជួយ និងមានសំណូមពរផ្សេងៗដែលអាជ្ញាធរដែនដីអាចជួយបាន។

លោក សុខ លូ បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវមានភាពច្បាស់លាស់ចំពោះការដាក់សំណើ គឺពិតជាមានការខ្វះខាតដីសម្រាប់បង្កបង្កើនផលពិតប្រាកដ ដើម្បីសមត្ថកិច្ចពាក់ព័ន្ធដោះស្រាយជូន។

លោក ថោង ខុន ក៏បានពន្យល់ប្រាប់ប្រជាពលរដ្ឋថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្រសួងបរិស្ថាន និងអាជ្ញាធរមិនទុកឱ្យប្រជាពលរដ្ឋលំបាកវេទនានោះឡើយ គឺដឹងតែដោះស្រាយប្រកបដោយភាពត្រឹមត្រូវ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា៕