ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ចាន់ សុខឃាង ម្ចាស់សាលាន័រតុន រងការចោទប្រកាន់ថា ជំពាក់ប្រាក់គេជាងប្រាំមួយម៉ឺនដុល្លារ ហើយនៅតែមិនសង

ភ្នំពេញ៖ លោក ចាន់ សុខឃាង សកលវិទ្យាធិការសាកលវិទ្យាល័យន័រតុន រងការចោទប្រកាន់ពីអ្នកស្ត្រីម្នាក់ ប្តឹងទាមទារសំណងជាទឹកប្រាក់ជាងប្រាំមួយម៉ឺនដុល្លារអាមេរិក ដែលការទាមទារនេះមានរយៈពេលជិតពីរឆ្នាំកន្លងមកហើយ ចំពោះការខាតបង់ក្នុងកិច្ចសន្យាបង្កើតហាងកាហ្វេនៅក្នុងបរិវេណសាលា។

យោងតាមបណ្តឹង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ របស់អ្នកស្រី ភោគ សុនីតា អាយុ៣០ឆ្នាំ ជាអតីតបុគ្គលិកសាកលវិទ្យាល័យន័រតុន បានបញ្ជាក់នៅក្នុងបណ្តឹងថា នៅដើមឆ្នាំ២០១៧ អ្នកស្រី និងលោក ចាន់ សុខឃាង បានព្រមព្រៀងគ្នាជួលទីតាំងបើកហាងកាហ្វេ នៅជាន់ខាងលើនៃសាកលវិទ្យាល័យន័រតុន ដែលមានទំហំ៥៣ម៉ែត្រក្រឡា ហើយការព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ ហើយចាប់ផ្តើមជួសជុលទីតាំង នៅខែមេសា ដោយគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែនៅដំណាក់កាលកំពុងតែដំណើការសាងសង់បានប្រហែល៩៥ភាគរយ ស្រាប់តែឈ្មោះចាន់ សុខឃាង បានបញ្ជាឲ្យផ្អាកការជួសជុល ដោយប្រាប់ថា លោកបញ្ឈប់ការជួលហើយ។

អ្នកស្រី ភោគ សុនីតា បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា «ពេលនោះនាងខ្ញុំបានសុំជួបគាត់ដើម្បីសួរនាំពីមូលហេតុនៃការបញ្ឈប់នេះ ជាច្រើនលើកច្រើនសារ និងបានធ្វើលិខិតជូនដំណឹងទៅឈ្មោះ ចាន់ សុខឃាង ចំនួនពីរលើក តែគាត់មិនព្រមឲ្យចូលជួប និងបានបិទទូរស័ព្ទមិនឲ្យទំនាក់ទំនងបាន»។

ពាក្យបណ្តឹងដដែល បានរៀបរាប់ទៀតថា នៅថ្ងៃទី២៧-២៨-២៩ ខែឧសភា ឆ្នាំ២០១៨ លោកចាន់ សុខឃាង បានបញ្ជាឲ្យគេចូលកាត់សោរ ទម្លុះទម្លាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅក្នុងហាងរបស់គាត់ បង្កមានការខូចខាត និងបាត់បង់សម្ភារៈជាច្រើន ដែលសរុបជាទឹកប្រាក់ចំនួន៤៤ ៥៥០ដុល្លារអាមេរិក។

ដោយសាររងការខូចខាតដោយសារការរំលាយកិច្ចសន្យាផ្ទាល់មាត់នេះ អ្នកស្រីបានប្តឹងឈ្មោះ ចាន់ សុខឃាង មកប៉ុស្តិ៍នគរបាលសង្កាត់ជ្រោយចង្វារ និងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារសំណងការខូចខាត ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ ព្រោះលោក ចាន់ សុខឃាង មិនទទួលខុសត្រូវ។

នៅក្នុងបណ្តឹងនេះ តុលាការក្រុងភ្នំពេញ បានតម្កល់រឿងទុកចោលមិនចាត់ការ តាមរយៈដីកាលេខ៨៧៨ អ.យ.ញ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ហើយពេលនោះឈ្មោះ ចាន់ សុខឃាង បានសងសំណងមកឲ្យអ្នកស្រីត្រឹមទឹកប្រាកចំនួន៨០០០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយសន្យាសុំការពនិត្យការខូចខាតជាក់ស្តែង និងវាយតម្លៃជាក្រោយ ប៉ុន្តែរហូតមកដល់ពេលនេះឈ្មោះ ចាន់ សុខឃាង មិនព្រមដោះស្រាយសងថ្លៃខូចខាតសម្ភារៈ មកឲ្យអ្នកស្រីតាមការសន្យានៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះឡើយ។

ដេលី ខ្មែរ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ចាន់ សុខឃាង ចំពោះការចោទនេះបានឡើយ៕