ភ្នំពេញ៖ ត្រីក្រុសមេម៉ាយ គឺជាប្រភេទត្រីទឹកសាបមួយ ប្រភេទ ដែលរស់នៅបឹងទន្លេសាប ទន្លេ ស្ទឹង ព្រែក ឬត្រពាំង ។ ដែលមានទឹកហូរយឺតៗ ភាគច្រើនពួកវានៅស្រទាប់បាតក្រោម ដែលមានភក់ និងខ្សាច់ ត្រីប្រភេទនេះ វាចូលចិត្ដរស់នៅតែឯង ភាគច្រើន ។
លោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផល ទឹកសាប នៃរដ្ឋបាលជលផល បានបញ្ជាក់ឲ្យដឹងថា ឈ្មោះត្រីនេះដូចជាចម្លែក។ ប៉ុន្តែពុំមានឯកសារយោងផ្លូវការណាមួយអះអាងនោះទេ តាមរយៈការស្រាវជ្រាវតាមតំបន់ ក៏ដូចជាការសួរនាំពីចាស់ៗ គឺត្រីក្រុសមេម៉ាយនេះ ត្រូវបានប្រជាជនកម្ពុជាយើងហៅតៗគ្នា តាំងពីយូរលង់ណាស់មកហើយ ទោះបីតំបន់ខ្លះគេហៅផ្សេង ប៉ុន្តែភាគច្រើនគឺហៅថាត្រីក្រុសមេម៉ាយ បែបនេះ ។
ត្រីក្រុសមេម៉ាយនេះ គឺស្ថិតនៅក្នុងអំបូរ Cyprinidae និងមានឈ្មោះវិទ្យាសាស្រ្ត Osteocilus vittatus ដែលជាប្រភេទត្រីមានស្រកា តែគ្មានក្រពះ និងធ្មេញនោះទេ។ ពាក់ព័ន្ធនឹងជីវចម្រុះរបស់ត្រីក្រុសមេម៉ាយនេះវិញ ។
លោក ថាច់ ផាណារ៉ា បានបញ្ជាក់បន្ថែមថា ជាទូទៅត្រីក្រុសមេម៉ាយនេះ មានប្រវ៉ែងដងខ្លួនប្រមាណ៣២សង់ទីម៉ែត្រ ជាប្រភេទត្រីដែលចូលចិត្តរស់នៅបាតបឹង ទន្លេ អន្លង់ ត្រពាំង ព្រែក ។ ដែលមានទឹកហូរតិចៗ ដោយមានស្រទាប់បាតក្រោមមានភក់ និងខ្សាច់ ហើយត្រីប្រភេទនេះ ភាគច្រើនសំបូរនៅរដូវប្រាំង ជាពិសេសនៅបឹងទន្លេសាប ដោយប្រជាពលរដ្ឋនេសាទបាននៅខែប្រាំង ដោយការកៀសម្រាស់ និងការដាក់ណរ៉ាល់ (របាំង)។ ហើយចំពោះតម្លៃរបស់ត្រីក្រុសមេម៉ាយវិញ គឺលក់បានក្នុងតម្លៃថ្លៃគួរសម គឺប្រហែល១៨.០០០រៀល ក្នុងមួយគីឡូក្រាម ដោយសារត្រីនៅក្នុងឆ្នាំនេះ ហាក់មានតម្លៃថ្លៃគ្រាន់បើ ភាគច្រើនត្រីប្រភេទនេះ គេយកទៅធ្វើជាប្រហុក និងត្រីឆ្អើរ ព្រោះត្រីក្រុសមេម៉ាយនេះ សាច់ទន់ ហើយផុយ។
លោក ថាច់ ផាណារ៉ា បានផ្តាំផ្ញើដល់ប្រជានេសាទទាំងអស់ មិនថាតែត្រីមេពូជនោះទេ ដែលត្រូវដោះលែងទៅក្នុងធម្មជាតិ ប្រភេទត្រីកម្រ និងធំៗជាច្រើនប្រភេទទៀត ដូចជាត្រីគល់រាំង ដែលជាត្រីនិម្មិតរូបនៃមច្ឆជាតិ ត្រីរាជ ត្រីត្រសក់ ត្រីបបែលទឹកសាប ។ល។ គឺបើចាប់បាន សូមដោះលែងដោយខ្លួនឯង ឬទាក់ទងមករដ្ឋបាលជលផល ឬអាជ្ញាធរ ពាក់ព័ន្ធដើម្បីចូលរួមលែងត្រីទាំងអស់គ្នា៕