(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បើយោងតាមដីកាសម្រេចលើកចោលពាក្យរក្សាសហជីវិន លើលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រ៊ី លោក ញ៉េប ប៊ុនជិន និងលោក វ៉ាន់ សុផាន់ណា ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដដែល ដោយសំអាងលើហេតុផលដូចជា៖
-ទី១ ឃើញថា ការទាមទាររបស់សហម្ចាស់បំណុលឈ្មោះយូហុកគ្រី ឈ្មោះប៉ោប៊ុនស្រ៊ី ឈ្មោះញ៉េប ប៊ុនជិន និងឈ្មោះវ៉ាន់សុផាន់ណា ធ្វើឡើងដោយផ្អែកលើការអះអាងអង្គហេតុស្ដីពីសេចក្ដីសម្រេចលេខ ០៩ ហសបលេខ ០៨ ហសប លេខ ០៧ ហសប លេខ ០៦ ហសបចុះថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៨ ក្នុងការបញ្ចប់សមាជិកភាពគណបក្ស ដែលត្រូវបានឡាយព្រះហស្តលេខា ដោយព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដែលជាប្រធានស្តីទី ខុសនឹងច្បាប់លក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិច ហើយជាករណីប្រព្រឹត្តខុសទៅនឹងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីគណបក្សនយោបាយ ។
-ទី២ ឃើញថាការអះអាងរបស់ម្ចាស់បំណុល ស្ដីពីការតែងតាំងព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដោយសេចក្ដីសម្រេចលេខពិសេស ហសប ចុះថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៨ របស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើនៅទីក្រុងបាងកក គឺប្រព្រឹត្តខុសទៅនឹងប្រកាស ២៤ នៃលក្ខន្តិកៈ គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ ។
-ទី៣ តុលាការធ្វើការពិនិត្យភស្តុតាងឯកសារជាអាទិ៍៖ – លិខិតលេខ ១៥២៥សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ (ស្នើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច ពិនិត្យនិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខណៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ) ។
– សេចក្ដីសម្រេចលេខ០៩ ហសប លេខ០៨ ហសបលេខ០៩ ហសប លេខ០៦ ហសប ចុះថ្ងៃទី ២០ ខែសីហាឆ្នាំ2018 របស់ព្រះប្រធានស្តីទី នរោត្ដម ចក្រាវុឌ្ឍ (បញ្ចប់សហជីវិន វ៉ាន់ សុផាន់ណា សហជីវិន ញ៉េប ប៊ុនជិន សហជីវិន ប៉ោ ប៊ុនស្រ៊ី សហជីវិន យូ ហុកគ្រី ពីសមាជិកភាព នៃគណបក្សហ៊្វុនស៊ិនប៉ិច) ។
– សេចក្ដីសម្រេចលេខពិសេស ហសប ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ របស់សម្ដេចក្រុមព្រះនរោត្ដម រនឫទ្ធិ ដែលមានខ្លឹមសារ (តែងតាំងព្រះអង្គម្ចាស់នរោត្ដម ចក្រាវុឌ្ឍ ជាព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច) ធ្វើឡើងនៅទីក្រុងបាងកក ។
– សេចក្ដីសម្រេចលេខពិសេស២ ហសប ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ របស់សម្ដេចក្រុមព្រះ នរោត្ដម រនឫទ្ធិ ដែលមានខ្លឹមសារ (បញ្ចប់មុខតំណែងបច្ចុប្បន្នសហជីវិន យូ ហុកគ្រី សហជីវិន ប៉ោ ប៊ុនស្រីុ សហជីវិនញ៉េប ប៊ុនជិន និងសហជីវិន វ៉ាន់ សុផាន់ណា និងតែងតាំងសហជីវិន យូ ហុកគ្រី សហជីវិន ប៉ោ ប៊ុនស្រីុ សហជីវិន ញ៉េប ប៊ុនជិន ជាសមាជិកក្រុមប្រឹក្សាព្រឹទ្ធាចារ្យ គណបក្សហ៊្វុនស៊ិនប៉ិច) ដែលបានធ្វើឡើងនៅទីក្រុងបាងកក ។
– ឃើញថាលិខិតលេខ ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ បានទូលថ្វាយសម្ដេចក្រុមព្រះ នរោត្ដម រនឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺស្នើឲ្យពិនិត្យនិងអនុវត្តបានត្រឹមត្រូវតាមលក្ខន្តិកៈ របស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃដែលទាក់ទងនិងសមាជិកភាព របស់គណបក្សនេះ ។ ដូច្នេះឃើញថាការចេញសេចក្ដីសម្រេចបញ្ចប់សមាជិកភាព របស់ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុឌ្ឍ ដែលជាប្រធានស្តីទីនៃគណបក្សហ៊្វុនស៊ិនប៉ិច ទាក់ទងនឹងការបញ្ឈប់សមាជិកភាពបក្សដូចខាងលើនេះ គឺមិនស្របទៅតាមនីតិវិធីច្បាប់ ដូចដែលលិខិតលេខ ១៥២៥ សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ បានបញ្ចប់រួចរាល់ហើយ ។
ដូចនេះ តុលាការមិនចាំបាច់លើកយកករណីនេះមកពិចារណាឡើយ ។
ហេតុដូច្នេះគប្បីលើកចោលពាក្យសុំរបស់ម្ចាស់បំណុលដូចក្នុងសេចក្ដីសម្រេចបញ្ចប់ខាងក្រោមនេះ ។ដោយយោងតាមសេចក្ដីសម្រេចបញ្ចប់រួមមាន៖ ទី១ លើកចោលពាក្យសុំដីកាសម្រេចរក្សាការពារ ចុះថ្ងៃទី 13 ខែកញ្ញា ឆ្នាំ 2018 របស់លោកមេធាវី ទិត សុខវណ្ណា ជាតំណាងដោយអាណត្តិរបស់សហម្ចាស់បំណុលឈ្មោះ យូ ហុកគ្រី ឈ្មោះ ប៉ោ ប៊ុនស្រីុ ឈ្មោះ ញ៉េប ប៊ុនជិន និងឈ្មោះ វ៉ាន់ សុផាន់ណា, ទី២ ឲ្យកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្ដី ។
ប្រភពពីអ្នកច្បាប់បានឲ្យ ដឹងថា “ប្រធានស្តីទីនឹងធ្វើមិនត្រូវទេ ក្រសួងមហាផ្ទៃឆ្លើយតបជាលិខិតផ្លូវការហើយថា ប្រធានស្តីទីធ្វើខុសលក្ខន្តិកៈជាច្បាប់គណបក្សហើយ គប្បីប្តឹងរឿងអង្គសេចក្តីផង ស្រុកខ្មែរយើងមិនមានតុលាការរដ្ឋបាលអោយច្បាស់លាស់ទេ គេយកតុលាការរដ្ឋប្បវេណីដើរតួរជាតុលាការរដ្ឋបាល ។ សាលាដំបូងភ្នំពេញតាមច្បាប់គួររក្សាតំណែងអ្នកប្តឹងប៉ុន្មាននាក់ទុកសិន នេះហៅថាដីការក្សាការពារពាក់ព័ន្ធឋានៈមាត្រា៥៣១ចំណុច(គ)ក្រមនីតិវិធីរដ្ឋប្បវេណី។ តែប្រហែលមានបញ្ហាអីហើយបានជាយករួចខ្លួនដោយផ្តោតលើលិខិតក្រសួងមហាផ្ទៃដែលមិនមែនជាប្រភេទសេចក្តីសម្រេចនៅក្នុងឋានានុក្រមច្បាប់ទៅវិញ (សែនយ៉ាប់)”
សូមបញ្ជាក់ថាៈយោងតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ លេខ២៩ “ម” ដពស ចុះថ្ងៃទី៤រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលសុំអោយចេញសម្រេចរក្សាសហជីវិន លើលោក យូ ហុកគ្រី លោក ប៉ោ ប៊ុនស្រីុ លោក ញ៉េប ប៊ុនជិន និងលោក វ៉ាន់ សុផាន់ណា ជាសមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដដែល ៕