ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលរាជធានីភ្នំពេញ និងអង្គការJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយ៍ បូមទឹកក្នុងខណ្ឌដូនពេញ

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះសម្របសម្រួលជាមួយមជ្ឈមណ្ឌល កីឡាកងយោធពលខេមរៈភូមិន្ទ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់ទីតាំង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោង សាងសង់ប្រអប់ទូបញ្ជាស្ថានីយ៍បូមទឹកនេះ មានបណ្តោយ១,៦៦ម៉ែត្រ ទទឹង០,៨០ម៉ែត្រ និងកម្ពស់ ២,៣០ម៉ែត្រ និងមានជម្រៅគ្រឺះទៅក្នុងដី ០,៦០ម៉ែត្រ ។

លោកបន្តថា ការងារនេះ ត្រូវសាងសង់អណ្តូងលូខ្សែបណ្តាញអគ្គីសនីនៅលើចិញ្ចើមផ្លូវសាធារណៈ ទំហំ ០,៨០ម៉ែត្រគុណនឹង០,៨០ ម៉ែត្រ ជម្រៅ ០,៧០ម៉ែត្រ ចាប់ពីប្រអប់កុងទ័រអគ្គីសនីនៅលើទូបញ្ជាស្ថានីយ៍បូមទឹក ដែលមានទំហំកំណត់ជាក់ស្តែងដោយអគ្គីសនីកម្ពុជា។

សូមបញ្ជាក់ថា មុននឹងសាងសង់ការងារខាងលើនេះ ត្រូវទុករយៈពេល០៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទីទី០៣ ដល់ថ្ងៃទី១០ ខែមិថុនា ដើម្បីជូនមជ្ឍមណ្ឌលកីឡាខេមរៈភូមិន្ទ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងការពារជាតិជាមុនសិន ទើបឲ្យសាងសង់ជាក្រោយ ៕