សៀមរាប៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជនពិការចំនួន ៩២នាក់ នៃសមាគមជនពិការអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២០ ។
លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាមួយគ្នានេះលោកជំទាវ ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តសៀមរាប មិនត្រូវធ្វេសប្រហែសពីមេរោគកូវីដ-១៩នេះឡើយ។
លោកស្រីបានបន្ថែមទៀតថា ទោះបីនៅ ប្រទេសកម្ពុជាយើងមានភាពធូរស្រាលជាងមុនក៏ពិតមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យសុខភាពឱ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសារ ដោយត្រូវលាងសម្អាតដៃជាប្រចាំដោយសាប៊ូ ទឹកអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ៕