ក្រចេះ៖ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នំា២០២០ កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និងសហការី បានចូលរួមធ្វើបទបង្ហាញស្តីពីការផ្តល់ឥណទានក្រោមគម្រោង ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដល់បងប្អូនប្រជាកសិករ សិប្បករ សហគ្រាសធុន តូច និងមធ្យម ប្រចាំខេត្តក្រចេះ សរុបប្រមាណ ២០០ នាក់។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ប្រាប់ប្រជាកសិករឲ្យបានជ្រាបអំពីគោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទានដោយអត្រាការប្រាក់អនុគ្រោះចំនួន ៥ ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ ៥,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង) និងលក្ខខណ្ឌសមស្របមួយចំនួនដើម្បីទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ៥០លានដុល្លារអាមេរិក។
លោក កៅ ថាច បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនឥណទានរហូតដល់៨០ភាគរយនៃទ្រព្យធានា បំណុលដែលជាអចលទ្រព្យ។ លោក បានពន្យល់ទៀតថា ការទទួលយកទ្រព្យធានាបំណុល របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានភាពបត់បែនច្រើន និងមានការអនុគ្រោះផងដែរ។
លោកអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានស្នើសុំដល់បងប្អូនកសិករត្រូវមានផែនការច្បាស់លាស់លើការដាំដុះ ការចញ្ចឹមសត្វ និងការផលិតដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារឲ្យបានតាមតម្រូវការ និងចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕