ភ្នំពេញ៖ នាវេលាម៉ោង៦ព្រឹកព្រហាម ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានត្រួតពិនិត្យផលិតផលប្រភេទអាហារសមុទ្រ សម្រាប់បោះដុំ ចែកចាយ អាហារសមុទ្រ ជាច្រើនកន្លែង ស្ថិតនៅផ្លូវលេខ៥៩៨ ឬហៅថា ត្រឡោកបែក ក្នុងខណ្ឌទួលគោក និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីដឹកនាំ និងចូលរួមប្រតបិត្តការឆ្មក់ឆែករកសារធាតុហាមឃាត់នេះ បានឲ្យ Daily-Khmer ដឹងថា ជាលទ្ធផលនៃការត្រួតពិនិត្យលើកនេះ ក្រុមការងារពុំបានរកឃើញបង្គាសមុទ្រមានចាក់បញ្ចូលសារធាតុស្រដៀងចាហ៊ួយឡើយ ហើយក៏ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ Formalin ឡើយ។
ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទទាំងអស់បន្តស្រាវជ្រាវរកទីតាំងចែកចាយបន្តនូវរាល់ផលិតផលប្រភេទអាហារសមុទ្រ ឬអាហារជាច្រើនប្រភេទទៀត ដើម្បីធានាឲ្យបាននូវការវេចខ្ចប់ ឬរក្សាទុកមិនប្រើសារធាតុហាមឃាត់ និងលើសកម្រិតអនុញាត។
ផ្តើមចេញពីការដឹកនាំឲ្យធ្វើប្រតិបត្តិការបង្រ្កាបបង្គាសមុទ្រ នាំចូលពីប្រទេសវៀតណាម ហើយត្រូវបានរកឃើញមានចាក់បញ្ចូលសារធាតុស្រដៀងនឹងចាហ៊ួយចំនួនជាង១១តោន ត្រូវបានមន្ត្រីក.ប.ប. រឹមអូសបំផ្លាញចោល កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
ប្រជាជនកម្ពុជា ក្រោមម្លប់សន្តិភាព បានផ្លាស់ប្តូរស្ថានភាពរស់នៅ គឺគុណភាពជីវិតកាន់តែល្អប្រហាក់ប្រហែលនឹងជីវភាព និងទម្លាប់រស់នៅរបស់ប្រជាជនក្នុងបណ្តាប្រទេសជិតខាង ក៏ដូចជាប្រជាជននៃប្រទេសនៅក្នុងតំបន់ផងដែរ។
ដោយសារការរីកចម្រើនក្នុងជីវភាព និងទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ប្រជាជនកម្ពុជា បានកែប្រែគុណភាពជីវិតរបស់ខ្លួន ដោយរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស ស្មើមុខស្មើមាត់ជាមួយប្រជាជននៃប្រជាជាតិដទៃទៀត។ ចំណែកសមត្ថភាពនៃការផលិតវិញ ក៏កាន់តែជំនាញ និងខ្លាំងក្លាផងដែរ។
ដើម្បីធានាបាននូវនិរន្តរភាពនៃការផលិត ទាំងបរិមាណ និងគុណភាព រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវយន្តការពិនិត្យ និងការពារផលិតផលរបស់ប្រជាជនកម្ពុជា ដើម្បីទទួលបានការទទួលស្គាល់នូវអនុលោមភាពនៃគុណភាព អនាម័យរបស់ផលិតផល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ឬអ្នកទទួលទាន។
ដូច្នេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បាននិងកំពុងតែដើរតួនាទីស្នូលនៃយន្តការនេះ៕