តាមការចុះផ្សាយរបស់ NHK World-Japan បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan របស់សហរដ្ឋអាមេរិក ដែលជានាវាចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បានចាកចេញពី ដែនទឹករបស់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ឆ្ពោះទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងបំណងតាមដានពីសកម្មភាពយោធារបស់ប្រទេសចិន ។
សូមបញ្ជាក់ថា ក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានព្យាយាមពង្រឹងឥទ្ធិពលយោធាយ៉ាងខ្លាំងនៅតំបន់អាស៊ី ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើឲ្យសហរដ្ឋអាមេរិកមានក្តីបារម្ភយ៉ាងខ្លាំង ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្តថា ដំណើរឆ្ពោះទៅកាន់មហាសាគរនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់នាវាដឹកយន្តហោះចម្បាំង USS Ronald Reagan មិនត្រឹមតែទៅតាមដានសកម្មភាពយោធារបស់ប្រទេសចិនទេ នាវានេះកំពុងបំពេញបេសកកម្មពង្រឹងសមត្ថភាពយោធាអាមេរិកក្នុងតំបន់នេះផងដែរ ៕