ល្ងាចថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ កម្ពុជា-ចិន បានរួមសហការគ្នារៀបចំពិធីបើកសម្ពោធ ឆ្នាំទេសចរណ៍ និងវប្បធម៌ ជាលើកដំបូង ដែលបានប្រព្រឹត្តទៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជននៃប្រទេសទាំងពីរ ប្រមាណជាង ៦០០នាក់។
ពិធីបើកសម្ពោធនេះ មានការឡើងថ្លែងសុន្ទរកថា និងអានសាលិខិតរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ (ដែលរួមមាន៖ សុន្ទរកថាលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សុន្ទរកថាលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា សុន្ទរកថាលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រតសិល្បៈកម្ពុជា ការអានសារលិខិតរបស់នាយករដ្ឋមន្រ្តីចិនដោយឯកឧត្តម ឡ ស៊ូកាង រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ ចិន និងការឡើងអានសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង)។
ក្នុងឱកាសនោះមាន ក្រុមរបាំសិល្បៈ និងអ្នកចំរៀងល្បីៗរបស់ប្រទេសទាំងពីរបានចូលរួមសំដែង និងច្រៀងរួមគ្នា ពិសេសបានធ្វើអោយគណៈអធិបតី ភ្ញៀវកិត្តិយស និងមិត្តចិន-កម្ពុជា មានការជក់ចិត្តដិតអារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះការសំដែងដ៏បុិនប្រសព្វ ស្ទាត់ជំនាញ និងភាពទាក់ទាញ។
តាមរយៈការរៀបចំបើកសម្ពោធឆ្នាំទេសចរណ៍ និងវប្បធម៌ កម្ពុជា-ចិន លើកដំបូងនេះ នឹងជួយជម្រុញការស្រូបទាញកំណើនទេសចរណ៍ និងវិនិយោគិនចិនមកកម្ពុជាកាន់តែច្រើនថែមទៀត ពិសេសនឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានទំនាក់ទំនង និងកិច្ចសហការផ្នែកទេសចរណ៍ និងវប្បធម៌ ឲ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងផ្សារភ្ជាប់បេះដូង ដួងចិត្តនិងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរកាន់តែរឹងមាំ និងសុីជម្រៅ សំដៅចូលរួមចំណែកដល់ការបង្កើតសហគមន៍រួមដែលមានវាសនាតែមួយ៕