ភ្នំពេញ៖ លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសាកសួរតំណាងក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈចំនួនពីរ អំពីសុច្ចរិតភាពនៃលើការផ្សព្វផ្សាយពាណិជ្ជកម្មមានរង្វាន់តាមសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុន HSC Beverages Co; Ltd. ដែលជាម្ចាស់ម៉ាកផលិតផលតែបៃតងអូអ៊ិឈិ (Oishi Green Tea) និងតំណាងក្រុមហ៊ុន Khmer Beverages Co; Ltd. ដែលជាម្ចាស់ម៉ាកផលិតផលស្រាបៀរកម្ពុជា (Cambodia Beer) បានចូលបកស្រាយបំភ្លឺចំពោះសំណួរសួរដេញដោលពីសំណាក់មន្ត្រីជំនាញលើការផ្សព្វផ្សាយពាណិជ្ជកម្មមានវង្វាន់តាមប្រព័ន្ធទូរទស្សន៍ ក្រោមការសម្របសម្រួបផ្ទាល់ពីលោកអគ្គនាយក នៅស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋាន ក.ប.ប. ស្ថិតនៅឃុំវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីការសួរឲ្យបំភ្លឺពីតំណាងក្រុមហ៊ុនទាំងពីរនេះ លោក ផាន អូន បានមានបកស្រាយប្រាប់ ដេលីខ្មែរ តាមតេឡេក្រាមថា អគ្គនាយកដ្ឋាន ក.ប.ប. ទុកពេលឲ្យមួយសប្តាហ៍ដល់ម្ចាស់ផលិតផល សម្រាប់ធ្វើរបាយការណ៍ជាក់លាក់អំពីគម្រោងលម្អិតនៃការផ្តល់រង្វាន់ ដែលត្រូវបានប្រកាសនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មតាមសារព័ត៌មាន ជាពិសេសនៅលើកញ្ចក់ទូរទស្សន៍ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុក្រឹតភាពរបស់វា ថាតើជាការភូតកុហក់ ឬជាការពិត។
លោកអគ្គនាយកបានមានប្រសាសន៍ថា « [មន្ត្រី ក.ប.ប.] បានសួរថា តើគេផ្សាយហ្នឹងមាននៅក្នុងបណ្តាយណាខ្លះ? តើ Scheme (គ្រោងការណ៍) គេហៅថា Scheme of Reward (គ្រោងការណ៍ផ្តល់រង្វាន់) ដែលក្រុមហ៊ុនឲ្យហ្នឹង គេឲ្យយ៉ាងម៉េច?។ ឧបមាថា ក្រុមហ៊ុនមួយត្រូវផ្តល់ឡាន។ តើគេផ្តល់ឡានហ្នឹងយ៉ាងម៉េច? ឡានហ្នឹងផ្តល់ឲ្យទៅអ្នកណាគេ? ផ្តល់ទៅឲ្យបងប្អូន គ្រាន់តែជារូបភាព ឬមានគេឈ្នះរង្វាន់ពិតប្រាកដ?។ យើងឲ្យគេផ្តល់ឯកសារ និងភស្តុតាងមក ថាតើការលក់របស់គេហ្នឹងប៉ុន្មាន បូកជាមួយថ្លៃរង្វាន់ ដែលគេប្រកាសឲ្យហ្នឹងប៉ុន្មាន ហើយយើងពិនិត្យមើលតាមហ្នឹង តាមរបៀបគណនេយ្យ។ គេមានកាតព្វកិច្ចត្រូវបង្ហាញទាំងអស់»។
សូមរំឭកថា កន្លងមកនេះ ក្រុមហ៊ុនផលិត ឬភ្នាក់ងារភេសជ្ជៈមួយចំនួន មានដូចជាផលិតផលប៉ូវកម្លាំង ឬផលិតផលគ្រឿងស្រវឹង តែងតែប្រកាសផ្តល់រង្វាន់ដល់អ្នកផឹក នូវប្រភេទរង្វាន់ជាច្រើន ដូចជាផឹកច្រើនឈ្នះលុយច្រើន ផឹកច្រើនបានឡានជាដើម ដែលការផ្តល់រង្វាន់ហាក់ដូចជាមិនច្បាស់លាស់។ ចំណែក ដេលីខ្មែរ ក៏មិនអាចសុំការបកស្រាយបានដែរ ពីតំណាងមកពីក្រុមហ៊ុនលក់ភេសជ្ជៈ និងលក់គ្រឿងស្រវឹងទាំងពីរនេះ៕