(កំពង់ស្ពឺ)៖ អ្នកគួកជេដីល្បីពេញស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួនជាលើកទី២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលក់ដីខ្យល់។
មន្ត្រីកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។
យោងតាមមន្ត្រីដដែលនេះ បានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទាក់ទងឈ្មោះ គង់ សុខលីន ភេទស្រី អាយុ៣៧ឆ្នាំ ដែលមានគេបង្ហើបថា ជាមន្ត្រីក្រុមប្រឹក្សាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នៅពេលនោះឈ្មោះ គង់ សុខលីន បានណែនាំឲ្យឈ្មោះ ហម សាវុធ ស្គាល់ឈ្មោះ សូ សារឹម ដើម្បីទិញដីចំនួនពីប្លង់ ដែលប្លង់ទី១ ទំហំពីរហិកតា ស្ថិតនៅភូមិរំលេច ឃុំព្រះស្រែ និងប្លង់ទី២ ទំហំបីហិកតា ស្ថិតនៅភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយជនរងគ្រោះបានប្រគល់ប្រាក់កក់ចំនួន៧០,០០០ដុល្លារ (ប្លង់ទី១ ចំនួនន៤០,០០០ដុល្លារ និងប្លង់ទី២ ចំនួន៣០,០០០ដុល្លារ) ដោយមានឈ្មោះ គង់ សុខលីន ផ្ដិតមេដៃធ្វើជាសាក្សី។
ក្រោយមកដោយសារលោក សូ សារឹម គ្មានដីប្រគល់ជូនជនរងគ្រោះតាមកិច្ចសន្យាឡើយទើបជនរងគ្រោះដាក់ពាក្យប្ដឹងតុលាការតែម្ដង។
គួររម្លឹកថា លោក សូ សារឹម ធ្លាប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាប់ដាក់គុកម្តង កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង នៅខាងមុខភូមិគ្រឹះរបស់លោកស្មៀនឃុំព្រះស្រែ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលួចលក់ដីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ប៉ុន្តែក្រោយមក លោក សូ សារឹម ត្រូវបានលោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នសិនកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរកលុយសងគេវិញ៕