ភ្នំពេញ៖ ក្រុមការងារជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រទៅកាយប្រឡាយអមផ្លូវជាតិលេខ៤ និងតំបន់មុខសាលាក្តីខ្មែរក្រហមក្នុងសប្តាហ៍នេះ ដើម្បីស្តារប្រឡាយនៅអមសងខាងផ្លូវជាតិលេខ៤ ដើម្បីរំដោះការជនលិចដោយជំនន់ទឹកភ្លៀងឱ្យបានលឿន។
កាលពីថ្ងៃទី១៧ខែមិថុនានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំ ជាមួយមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌ ដើម្បីដោះស្រាយការជនលិចនៅតំបន់នេះឱ្យបានលឿនដែលសម្រួលការលំបាករបស់ប្រជាពលរដ្ឋនិងការរំខានការធ្វើដំណើរជាដើម។
លោកអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា មូលហេតុដែលតំបន់នេះរងការជនលិចដោយសារតែទឹកហូរពីខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួលខេត្តកណ្តាល ហើយបណ្តាប្រឡាយរងតូចៗមួយចំនួនទៀតបានគោករាក់ និងការរំលោភចំណីប្រឡាយពីប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាជនលិចនៅតំបន់នេះឱ្យមានប្រសិទ្ធភាពមន្ទីរបានកាយភក់ចេញពីបាតប្រឡាយអម សងខាងផ្លូវជាតិលេខ៤ ត្រង់មុខសាលាក្តីខ្មែរក្រហម មកដល់ផ្លូវរថភ្លើង ផ្នែកខាងជើងស្តារប្រឡាយតាម បណ្តោយផ្លូវរថភ្លើងឆ្ពោះទៅមហាវិថីឈ្នះ ឈ្នះ ចាក់ទៅបឹងតាមោក ទំនប់កបស្រូវ ៕