ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេងថ្លែងថា«ប្រជាការពារទាំង១៤ខណ្ឌដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថដែលពួកគាត់គឺជាកម្លាំងស្នូលតាំងពីដើមឡើយពោល គឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។

លោកបន្តទៀតថា ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិ បាលពិសេសសម្ដេច អគ្គមហាសេនាប​តីតេ​ជោ​ហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ ម៉ឺនរៀល។ ការ​លើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៧ មិថុនា ឆ្នាំ២០២០ ក្នុងពីធីប្រគល់អំណោយជូនបងប្អូនប្រជាការពារខណ្ឌទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហ៊ុន ម៉ានី លោកស សុខានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានបញ្ជាក់ថា« ការផ្ដល់នូវអំណោយជូនចំពោះបងប្អូនប្រជាពលរដ្ឋការពាររបស់យើងនាពេលនេះ គឺជាការគិតគូរ ពីជីវភាពរស់នៅ របស់បងប្អូនពីសំណាក់រាជរដ្ឋាភិបាល ដោយ​ស្នើឱ្យបងប្អូនប្រជាការពារបន្តការផ្សព្វផ្សាយពីការទប់ស្កាត់នូវជំងឺកូវីដ–១៩ ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល»។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា ការទប់ស្កាត់ជំងឺកូវីដ–១៩ វាគឺជារឿងរបស់យើងទាំងអស់គ្នា។ លោកបន្តថា ការទប់ស្កាត់បាននូវជំងឺកូវីដ–១៩ ដោយមិនបានធ្វើឲ្យមានមនុស្សស្លាប់នៅកម្ពុជា គឺជាការបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ខណៈដែរប្រទេសមួយចំនួនអនុវត្តមិនទាន់បានល្អប្រសើរដូចប្រទេសយើង។ ប៉ុន្តែទោះបីយ៉ាងណាក្តីយើងមិនអាចមើលស្រាលនោះទេ ។ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តលើកកិច្ចការពារ ការឆ្លងនៃជំងឺនេះ។
លោកហ៊ុន ម៉ានី បាន​​អំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថា ក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើងបងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ ។

ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤កន្លងមកនេះ បងប្អូនប្រជាការពារបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរហូតដល់ ត្រូវក្រុមអគតិមួយចំនួនប្រើអំពើហិង្សាវាយបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល ជាច្រើននាក់ទៀតផង ។ នេះជារឿងមួយដែលតម្រូវឲ្យបងប្អូនប្រជាការពារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការងាររបស់ខ្លួន។
អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវស្មើនឹង១០គីឡូក្រាម អាកុល៣ដបតូចចំណុះ១០០ មីលីលីត្រ ម៉ាសចំនួន២០ម៉ាក សាប៊ូដុំចំនួន៣ដុំ ត្រីខចំនួន២កំប៉ុងភេសជ្ជៈផ្អែមចំនួន១២កំប៉ុងនិងដប ថង់បរិស្ថានសម្រាប់វេចខ្ចប់១ភេសជ្ជៈបាកាសចំនួន៣កំប៉ុង ទឹកបរិសុទ្ធចំនួន៧ដបនិងថវិកាចំនួន ៥ម៉ឺនរៀល៕

ដោយ៖ សំរិត