ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញថា រទេះគោមានអាយុកាលរាប់ពាន់ឆ្នាំចាប់ផ្តើមបាត់បង់ជិតអស់ជា​​បណ្តើរៗ​​ហើយ​​នៅកម្ពុជា​​

ភ្នំពេញ៖ តាមអ្នកជំនាញរកឃើញថា  រទេះគោ ​​គឺជាសម្បត្តិបេតិកភណ្ឌជាតិ ដែល កើតមានតាំងពីមុនសម័យអង្គរមានអាយុកាល​រាប់ពាន់ឆ្នាំមកហើយ គឺជាស្នាដៃបុព្វបុរសខ្មែរជាក់ស្ដែងដូចមានរូបចម្លាក់នៅលើ ប្រាសាទបុរាណមានរទេះគោរទេះសាឡី សម្រាប់ ព្រះរាជារទេះសេះចម្បាំងនិងរទេះដឹក កាំភ្លើងធំជា​ដើម​។

ប្រធានមន្ទីរទេសចរណ៏រាជធានីភ្នំពេញ លោក​ ហ៊ុន សុថា បានបញ្ជាក់ឲ្យកាលពីថ្ងៃទី២៩ខែមិថុនានេះថា រទេះគោ​​បាន​​ដើរ​​តួនាទីយ៉ាង សំខាន់ ក្នុងសង្គម ខ្មែរមិនត្រឹមក្នុងការដឹកជញ្ជូន និងសង្គមកិច្ច ប៉ុណ្ណោះទេ ថែមទាំងមានការពាក់ព័ន្ធទៅ នឹងវិស័យជំនឿសាសនាផង។ តាមរយៈចម្លាក់ប្រាសាទអង្គរវត្តគេឃើញយ៉ាងច្បាស់ថា រទេះដែលព្រះបាទសុរិយាវរ្ម័នទី២គង់ប្រថាប់ពីលើនោះ គឺជាសញ្ញាណតំណាងនូវព្រះអាទិត្យ ដែល ជា និមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់។
ការសំដែងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ្តិ៍ មហាភារតៈ ឬក៏ក្នុង ជាតកបែបពុទ្ធនិយម ជាដើមគេក៏បានឃើញការនិយមរទេះគោនេះដែរ។ វត្ត មាន របស់ រទេះ គោនៅក្នុងសង្គមខ្មែរត្រូវបានគេ គិតថាចាប់ ផ្ដើមពីសតវត្សទី១នៃគ្រិស្តសករាជ ដោយ រងឥទ្ធិពលពីប្រទេសឥណ្ឌាដែលមាន គូសបញ្ជាក់នាសម័យវេទ និយមគឺរវាង១៧០០ឆ្នាំ និង ៧០០ឆ្នាំមុន គ្រិស្តសករាជ។
បច្ចុប្បន្នរទេះគោ ខ្មែរ ស្ទើរតែ បាត់បង់អស់ទៅហើយ ដោយសារ កត្តាច្រើនយ៉ាងដូចជាប្រជាពលរដ្ឋបានងាកមកប្រើរទេះកង់ឡាននិងប្រើគោ យន្តជំនួសរទេះគោបុរាណរបស់បុព្វបុរសខ្មែរយើងពីជំនាន់ដើម។
សម្រាប់អ្នកមានធនធានគេបានជាវ រទេះគោមកត្រឹមជាគ្រឿង តាំងលម្អ ក្នុងភូមិគ្រឹះភោជនីយដ្ឋានឬតាមសណ្ឋាគារធំៗប៉ុណ្ណោះមានន័យថា សព្វថ្ងៃ រទេះគោមានសារៈសំខាន់ ក្នុងការតុបតែងជាជាងការដឹកជញ្ជូនដូចពីមុនដែល វាជាក្ដីបារម្ភមួយដែលអាចឲ្យ រទេះគោបាត់ វត្តមាន ទាំងស្រុងតាមស្រុកស្រែចម្ការនាថ្ងៃអនាគត៕

ដោយ៖​​សំរិត