ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រី ក.ប.ប. ផ្អាកជាបណ្តោះអាសន្ននូវសិប្បកម្មផលិតពពុះសណ្តែកប្រាំពីរទីតាំង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រោះផលិតលាយសារធាតុបូរ៉ាក់

(កណ្តាល)៖ ដោយទទួលបានព័ត៌មានពីក្រុមការងារចំពោះកិច្ចនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ នៅនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកណ្តាល បានត្រួតពិនិត្យទីតាំងសិប្បកម្មផលិតពពុះសណ្តែកចំនួនប្រាំពីរកន្លែង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបានបង្ខំឲ្យផ្អាកសកម្មភាពផលិតជាបណ្ដោះអាសន្ន។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវស្វែងរកសារធាតុគីមីហាមឃាត់បូរ៉ាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្រ្តីជំនាញបានដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ ពីទីតាំងខាងលើនេះ បានសរុបទម្ងន់១០៨គីឡូក្រាម ហើយបន្ទាប់មកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចផ្អាកទីតាំងផលិតបណ្តោះអាសន្ន។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ បានត្រួតពិនិត្យផលិតផលម្ហូបអាហារក្នុងផ្សារច្បារអំពៅ រាជធានីភ្នំពេញ ដែលក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានរកឃើញ និងដកហូតពពុះសណ្តែក ដែលមានផ្ទុកសារធាគីមីបូរ៉ាក់ចំនួន២០.៥គីឡូក្រាម។

បន្ទាប់ពីការធ្វើកំណត់ហេតុដកហូត និងសាកសួរស្វែងរកប្រភព ម្ចាស់ពពុះសណ្តែកខាងលើបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងផលិតពពុះសណ្តែកមកកាន់មន្រ្តីជំនាញ ដើម្បីចាត់មន្រ្តីមានសមត្ថិកិច្ចបន្តស្រាវជ្រាវរកទីតាំង និងប្រភពនៃការផលិត៕