លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់ សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីថ្ងៃពុធ ទី០១ ខែកក្កដានេះ។
លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ជាពិសេស ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិង សហរដ្ឋអាមេរិក ផងដែរ។
លោករដ្ឋមន្រ្តី បានលើកទ្បើងអំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលទ្ធផលជាផ្លែផ្កា រាប់បញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជំនួយបោសសំអាតមីន ក៏ដូចជាកម្មវិធីរវាង ប្រជាជន និងប្រជាជន ជាដើម។ តួយ៉ាង ថ្មីៗនេះ ការសុំចូលចតរបស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែសមុទ្រក្រុងព្រះសីហនុពិតជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជនយើងទាំងពីរ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ចេញនូវប្រធានបទចំនួន ១២ ផ្សេងគ្នា នៃវិភាគទានរបស់សហរដ្ឋអាមេរិក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្វើទ្បើងក្នុងពេលប្រារព្ធខួបលើកទី ៧០ ជាផ្លូវការនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន និង ឯកឧត្តមឯកអគ្គរដ្ឋទូត Murphy ។
លោករដ្ឋមន្រ្តី បានជម្រាបជូនថា ប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះ ដូចខាងក្រោម ការភ្ជាប់ចំណងរវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។
កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គលិកសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឲ្យយល់ងដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា។
ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង ៣៧% ក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ដែលមានតម្លៃប្រមាណពីជាង ៤ ពាន់លានដុល្លារអាមេរិកដល់ ៥,៨ ពាន់លានដុល្លារអាមេរិក។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់ងារ USAID នៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន ៥៦ លានដុល្លារអាមេរិក សម្រាប់គាំទ្រ វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ចំនួន ១១ លានដុល្លារសហអាមេរិក ក្នុងការជួយកម្ពុជាដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជា ។