ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់ ផលិតកម្មវិធីថ្មីៗទាក់ទងនិងការងារកសិកម្ម ឲ្យបានច្រើនបន្ថែមទៀត ដើម្បីឲ្យប្រជាកសិករបានយល់ដឹងពីការធ្វើកសិកម្មតាមបច្ចេកវិទ្យាថ្មី និងអាចរកប្រាក់ចំណូលបានច្រើន។
លោករដ្ឋមន្រ្តី ថ្លែងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដើមខែកក្កដា ជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ។ លោកបានថ្លែងថា គ្រប់អង្គភាពផ្សព្វផ្សាយ របស់រដ្ឋ ត្រូវធ្វើការផលិតកម្មវិធីថ្មីៗ ដូចជាផលិតឯកសារ បទយកការណ៍ផ្សេងៗ មានប្រជាពលរដ្ឋមិនសូវបានដឹង ដើម្បីឲ្យមានការយល់ច្បាស់ ពិសេស ពន្យល់ពី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលទាក់ទងនិងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស់ស្ពាយ ASPIREដែលមានសារសំខាន់សម្រាប់ប្រជាសិករ ក្នុងការធ្វើកសិកម្ម តាមបច្ចេកវិទ្យាថ្មី អាចរកប្រាក់ចំណូលបានច្រើន ជាពិសេសឈ្នះទៅលើបំរែបម្រួល អាកាសធាតុ។
លោករដ្ឋមន្រ្តី ក៏បានជំរុញអោយទូរទស្សន៍ជាតិកម្ពុជា ផលិតកម្មវិធី ទាក់ទងទៅនិងភាពជោគជ័យរបស់ភោជនីយដ្ឋានមួយចំនួន ក៏ដូចជាសំភាសន៍ ចុងភៅដែល មានបទពិសោធន៍ ស្នាដៃល្អទទួលបានការគាំទ្រច្រើន ពីអ្នកដែលបានទទួលទាន អាហារទាំងនោះ ហើយផ្សាយឲ្យបានទូលំទូលាយ សម្រាប់ជាការលើកទឹកចិត្តនូវអ្វី ដែលបានប្រឹងប្រែង ពិសេសផ្សាយពីកន្លែងជាច្រើនដែលយុវជនគ្មានការងារធ្វើ អាចស្វែងរកការងារធ្វើបាន។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំ មន្រ្តីឱវាទក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការ ជាមួយអង្គភាព ស្ថាប័នដទៃទៀត ដើម្បីបន្តបំពេញនូវរាល់កិច្ចការងារ ឲ្យសម្រេចទទួលបានលទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសវិស័យព័ត៌មាន និងសោត ទស្សន៍ នៅកម្ពុជាកាន់តែរីកចម្រើនទៅមុខ៕