តាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកខាន់ សុខា អភិបាលរងខេត្តតាកែវ រួមជាមួយដោយលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃការងារបង្កបង្កើន ផលស្រូវរដូវវស្សានៅស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក ភឿក រ៉ុន ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកប្រឡាយមេតាស៊ូង បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេច កសិករធ្វើស្រែ ដាំដុះដំណាំ មានលក្ខណល្អប្រសើរ និងមានការអភិវឌ្ឍជាបន្តបន្ទាប់ ។
លោក ភឿក រ៉ុន បានបញ្ជាក់ថា សហគមន៍មានសមាជិក ១៧គ្រួសារ មានផ្ទៃដីសរុប ១ ៥០២ហិកតា ធ្វើស្រែបាន ២-៣ដងក្នុងមួយឆ្នាំ ទិន្នផលទទួលបាន ពី ៥-៨ តោនក្នុងមួយហិកតា ដោយប្រើប្រាស់ទឹកពីប្រឡាយមេតាស៊ូង ប្រវែង ៦ ៧៥៩ម៉ សង់នៅឆ្នាំ២០១៧ ក្រោយជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល អូស្រ្តលី តាមរយ:គម្រោងស្តីពី “កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC” ។ ឈប់ប្រើពលកម្មសត្វពាហន: សាប ឬព្រោះ ច្រូតកាត់ បោកបែន ប្រើគ្រឿងយន្តទាំងអស់ ដល់ពេលលក់ស្រូវមានឈ្មួញមកទិញដល់ស្រែតែម្តង។
លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងទឹកចិត្តចូលរួមអបអរសាទរ និងគាំទ្រ លើកទឹកចិត្តដល់សមាជិកសហគមន៍គ្រប់ៗក្រុមគ្រួសារឲ្យបន្តខិត ខំបន្ថែមទៀត ដើម្បីចូលរួមទាំងអស់គ្នាក្នុងការផលិតស្រូវធានាឲ្យបាននូវសន្តិសុខស្បៀង បង្កើន ប្រាក់ចំណូល ឈានទៅកាត់បន្ថយភាពក្រីក្រ។ លោករដ្ឋមន្ត្រី ឲ្យកសិករ យកចិត្តទុកដាក់ផងដែរអំពីពូជ ជី និងថ្នាំកសិកម្ម ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ស្ថានភាពដី និងពេលវេលាដែលត្រូវប្រើ ជៀសវាង ប៉ះពាល់ដល់សុខភាពខ្លួនឯង អ្នកបរិភោគ និងបរិស្ថាន។
លោករដ្ឋមន្ត្រី បានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីដែលបាន និងបន្តជួយឧបត្ថម្ភ គាំទ្រលើការអភិវឌ្ឍវិស័យកសិកម្មប្រទេសកម្ពុជា។ ជាក់ស្តែងគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ដែលគម្រោងនេះបាននិងកំពុងចូលរួមអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងយ៉ាងមានប្រសិទ្ធភាព ៕