ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទានដល់កសិករខេត្តស្វាយរៀង

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តការផ្សព្វផ្សាយលទ្ធភាពឥណទាន ដល់កសិករខេត្តស្វាយរៀងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០បាន​​បើកសិក្ខា​សាលាផ្សព្វផ្សាយ ស្តីពីលទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមត្រី មាន់ ទា និងបន្លែ ក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិកម្មនិងសហគមន៍កសិកម្ម ដែលប្រជាពលរដ្ឋចូលរួមជាង ២០០នាក់មកពីតាមបណ្តាស្រុកនានាជុំវិញខេត្ត។​

ក្នុងការផ្សព្វផ្សាយ ស្ដីពីលទ្ធភាពឥណទាន ដល់កសិករមានការចូលរួមពីលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងប្រជាកសិករ ប្រចាំខេត្តស្វាយរៀងរាប់រយនាក់ផងដែរ។

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជា​សហ​គមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យ​កសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។

គម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក គឺជំរុញឲ្យប្រជាកសិករយើងប្រឹងប្រែងផលិតបន្លែ ផ្លែឈើ លុបបំបាត់ការនាំចូលពីប្រទេសជិតខាង ផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ហើយយើងអាចធ្វើការនាំចេញបន្តទៀត ព្រោះការផ្គត់ផ្គង់គ្មានចីរភាព ដាំបាន៧ថ្ងៃ ជាងកន្លះខែក្រោយមិនមានផលិតចូលទីផ្សារទៅទៀត ៕