ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជីវកម្មពាក់ព័ន្ធទេសចរណ៍១ភាគ៣នៅប្រទេសថៃ អាចនឹងបិទជាអចិន្ត្រៃយ៍

ប្រធានក្រុមប្រឹក្សាទេសចរណ៍របស់ប្រទេសថៃ លោក ចៃរ៉ាត់ ទ្រីរ៉ាតាណាចារ៉ាស្បន (Chairat Trirattanajarasporn) បានព្រមានថា អាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍ប្រហែល១ភាគ៣នៅទូទាំងប្រទេសនេះ អាចនឹងបិទទ្វារជាអចិន្ត្រៃយ៍នៅពេលខាងមុខ ដោយសារការឆ្លងរាលដាលវីរុសCovid-19។

លោក ចៃរ៉ាត់ បានបន្ថែមថា មូលហេតុដែលនាំអោយអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍បិទទ្វារជាអចិន្ត្រៃយ៍ គឺដោយសារតម្រូវការក្នុងវិស័យនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២នៃឆ្នាំ២០២០នេះ ចាប់តាំងពីមានការផ្ទុះឡើងវីរុសCovid-19។

ប្រធានក្រុមប្រឹក្សាទេសចរណ៍រូបនេះបានបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសថៃបានទទួលប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងទំហំទឹកប្រាក់ប្រមាណជាង២.២ពាន់លានបាត ហើយនៅឆ្នាំ២០២០នេះ ក្រុមប្រឹក្សារំពឹងថា នឹងទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរបរទេសក្នុងទំហំទឹកប្រាក់ក្នុងរង្វង់៦០០ពាន់លានបាត ប៉ុន្តែប្រាក់ចំណូលបានមកវិស័យនេះ បែរជាធ្លាក់ចុះទាបបំផុតទៅវិញ។

ក្រុមប្រឹក្សាទេសចរណ៍ថៃ បានបើកកិច្ចប្រជុំមួយកាលពីចុងសប្តាហ៍មុន ដើម្បីស្វែងរកមធ្យោបាយនានាក្នុងការជួយជ្រោមជ្រែងដល់អាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍កុំអោយដួលរលំនៅពេលខាងមុខ ៕