ខេត្តស្វាយរៀង៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញ ចូលរួមជាវាគ្មិនក្នុងកម្មវិធីធ្វើបទបង្ហាញ ស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មជូនដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ប្រមាណ ជិត២០០នាក់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
លោក សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមផងដែរ ពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ។
លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និង អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទានដែលមានអត្រាការប្រាក់ទាប ជូនដល់បងប្អូនប្រជាកសិកររបរចញ្ចឹមត្រី មាន់ ទា ដាំបន្លែ និង សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម។
ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូនមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
លោក កៅ ថាច បានបន្ថែមទៀតថា ជាគោលការណ៍ កម្មវិធីហិរញ្ញប្បទានពិសេសនេះ នឹងផ្តល់ឥណទាន ពីចំនួន ៥០០០ ដុល្លារអាមេរិក រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ចំនួន៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន៧ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន ៥.៥ភាគរយក្នុងមួយឆ្នាំ។
ជាមួយគ្នានេះពាក់ព័ន្ធនឹងទ្រព្យធានាឥណទានក្រោមកម្មវិធីពិសេសនេះ លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយនៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ ជាដើម។
លោក កៅ ថាច បានបន្ថែមទៀតថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀតដែលមានអត្រាការប្រាក់អនុគ្រោះដល់បងប្អូនប្រជាកសិករផងដែរ ហើយលោកអគ្គនាយកក៏បានលើកទឹកចិត្តដល់បងប្អូនកសិករ ក្នុងករណីប្រសិនបើបងប្អូនមិនអាចបំពេញបានតាមលក្ខខណ្ឌ តម្រូវរបស់កម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល បងប្អូនអាចធ្វើការពិចារណាធ្វើកម្ចីពីកញ្ចប់ឥណទានផ្សេងទៀតរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផងដែរ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចញ្ចឹមត្រី ចញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារអោយបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។