ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​​ឧកញ៉ា ចាន់ សុឃាំង លើកឡើងអំពី “ការសិក្សាអំពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”

លោក​​ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុកផ្នែកវិនិយោគ និងហិរញ្ញវត្ថុរបស់ ស.អ.ក អមជាមួយនឹងលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល ស.អ.ក និងលោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋាន ស.អ.ក បានទទួលជួបស្វាគមន៍តបតាមសំណើសុំជួបប្រឹក្សាយោបល់ពីក្រុមការងារនៃអង្គភាពគ្រប់គ្រងស្រាវជ្រាវដើម្បីគាំទ្រការវិភាគវិស័យកសិកម្ម (អ.គ.ស)។

កិច្ចប្រជុំនេះ ក្នុងក្រមខណ្ឌ ASPIRE នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលដឹកនាំដោយលោក រស់ សីលវ៉ា សមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជានាយក អ.គ.ស ក្នុងក្របខណ្ឌ ASPIRE ដែលជំនួបនេះស្តីអំពី “ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។

លោក ឧកញ៉ា ចាន់ សុឃាំង ក៏បានលើកឡើងថា ទាក់ទងនឹងបញ្ហាប្រឈម កាលានុវត្តភាព និងសំណើឬសំណូមពរផ្សេងៗ តបទៅតាមកម្រងសំណួរដែលខាងក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសាកសួរ ដើម្បីអាចឱ្យក្រុមការងារយកទៅវាយតម្លៃ និងជាគោលគំនិតសិក្សាបន្ថែមពីលទ្ធភាពក្នុងការបង្កើតតំបន់ពិសេស សម្រាប់វិស័យកសិ-ឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជានេះ។

គួរបញ្ជាក់ថា គោលបំណងនៃការសិក្សានេះ គឺដើម្បីពិនិត្យពីលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់ បណ្តុំរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញ។ ការសិក្សានេះ នឹងសិក្សាលម្អិតបន្ថែមទៅលើតំបន់ដែលមានសក្តានុពលក្នុងការបង្កើតតំបន់ពិសេស យន្តការគាំទ្រពីរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកំណត់នូវលក្ខខណ្ឌ និងវិធានការលើកចិត្ត រួមមានសារពើពន្ធ និងមិនមែនសារពើពន្ធ និងមេរៀនជាបទពិសោធន៍នានា ពីបណ្តាប្រទេសដទៃទៀត។

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំប្រឹក្សាយោបល់នេះ ជំហានបន្ទាប់ ក្រុមការងារសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ នឹងបន្តធ្វើការស្រាវជ្រាវលម្អិតនិងស៊ីជម្រៅបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ ក៏ដូចជាប្រមូលព័ត៌មាន មតិយោបល់ ធាតុចូល ពីភាគីពាក់ព័ន្ធនានា ដែលមិនមែនត្រឹមតែវិស័យស្រូវអង្ករ តែរួមទាំងវិស័យកសិកម្មទាំងមូល។