ព្រះសីហនុ៖ បុរសម្នាក់ ដែលបានជនរងគ្រោះរបួសខ្លួនមួយជួយជីវិត ក្នុងអំពើចាប់ដុតទាំងរស់ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានប្តឹងប្រធានស្ថាប័នតុលាការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំបើកការសើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់ទាំងនេះ ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។
ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែល Daily Khmer ទើបទទួលបាន បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ, លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយបានជម្រាបប្រាប់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីជាន់ខ្ពស់ដូចខាងលើនេះ មានចេតនាបិទបាំងការពារឧក្រិដ្ឋជនម្នាក់ ឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរួចផុតពីគុក ករណីចាប់មនុស្សដុតទាំងរស់។
លោក ស៊ុយ ប៊ុនថាន បានរំឭកប្រាប់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅក្នុងពាក្យបណ្តឹងនេះថា «នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហារឃោរឃៅ និងព្រៃផ្សៃបំផុត ដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្មោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនឧក្រិដ្ឋជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយ គឺបានបិទបាំងសំណុំរឿងឧក្រិដ្ឋជនជាក់ស្តែងនេះចោទតែម្តង»។
ជនងរងគ្រោះបានជម្រាបជូនលោក ឱម យនិទៀត ទៀតថា ក្រោយមកខ្លួនបានដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ដែលបានផ្តើមចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុន្តែបានដោះលែងឲ្យមានសេរីភាពទៅវិញ ដែលរហូតមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនមកផ្ទន្ទាទោសតាមច្បាប់នៅឡើយទេ។
លោក ស៊ុយ ប៊ុនថាន បានរំឭកទៀតថា «ភាពមិនប្រក្រតីជាប្រព័ន្ធរបស់លោកទាំង០៤នាក់ខាងលើ គឺបង្ហាញឲ្យឃើញថា មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹបសំណុំរឿងឧក្រិដ្ឋចោល មានចេតនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងះអូសបន្លាយទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិត០២ឆ្នាំ»។
លោកបានសំណួមពរដល់លោក ឱម យនិទៀង នៅក្នុងលិខិតនេះថា «អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ត្រី មេត្តាពិនិត្យចុះស៊ើបអង្កេតលើជនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើ ដោយក្តីអនុគ្រោះ»។
ពាក់ព័ន្ធនឹងបណ្តឹងខាងលើនេះ Daily Khmer មិនអាចសុំការបកស្រាយពីមន្ត្រីទាំងបួនរូបបានឡើយ៕