ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ដោយចោទប្រកាន់ប្រទេសចិន ពីបទរំលោភបំពានយកដែនទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់អន្តរជាតិ ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។
នៅថ្ងៃដដែលនោះ អ្នកនាំពាក្យស្ថានទូតរបស់ប្រទេសចិនប្រចាំនៅទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិក បានប្រកាសច្រានចោលនូវការចោទប្រកាន់របស់អាមេរិក ដោយបានលើកឡើងថា ការអះអាងកម្មសិទ្ធិនៅដែនទឹកក្នុងសមុទ្រខាងត្បូង គឺជាការអះអាងដោយស្របច្បាប់ ដែលអាមេរិកវិញទេជាអ្នករំលោភបំពានលើដែនទឹករបស់ចិន។
សូមបញ្ជាក់ជូនថា នេះមិនមែនជាលើកដំបូងទេសម្រាប់សហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានប៉ះពាក្យសម្តីគ្នាពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងទៅកាន់ទីនោះជាញឹកញាប់ក្នុងគោលដៅធានានាវាចរណ៍នៅលើដែនទឹកអន្តរជាតិ ប៉ុន្តែចិនតែងតែបញ្ជូននាវាចម្បាំងទៅឃ្លាំមើលជានិច្ច និងចោទប្រកាន់អាមេរិកពីបទរំលោភដែនទឹករបស់ខ្លួន៕