ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។
លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្រឹម ថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២០ អនុវត្តន៍បានសរុបបាន ចំនួន៥១.៦៤១ហិកតា ស្មើនឹងចំនួន៦៩,៥៤  ភាគរយនៃផែនការចំនួន៧៤.២៥៩ហិកតា ក្នុងនោះមាន ដំណាំរួមផ្សំ និងសាកវប្បកម្ម អនុវត្តន៍បានចំនួន៩៤២ហិកតា ស្មើនឹង ចំនួន៤៥, ០៥ភាគរយ ។

ដំណំារួមផ្សំនិងសាកវប្បកម្មអចិន្ត្រៃ អនុវត្តបានចំនួន១.៦១៨ហិកតា ស្មើនឹងចំនួន៩៣,៥០ភាគរយ។ ដំណាំឧស្សាហកម្មរដូវ អនុវត្តន៍បានចំនួន៣២.៦១ ៨ហិកតា ស្មើនឹងចំនួន៧១,៧៩ភាគរយ។ ដំណាំឧស្សាហ អចិន្រ្តៃអនុវត្តន៍បានចំនួន១៦.៤៦៤ហិកតា ស្មើនឹងចំនួន៦៥,៨៥ភាគរយ។

លោកបានបន្ថែមថា ចំពោះកម្រិតទឹកភ្លៀង ដោយបូកយោងចាប់ពីដើមរដូវរហូតមក ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នំា២០២០ នៅទូទាំងខេត្តព្រះវិហារ គិតជាមធ្យមទទួលបានទឹកភ្លៀង កម្រិតចំនួន៤៤ ០,៣៤ មីលីម៉ែត្រ៕

ដោយ:សំរិត