ខេត្តព្រះសីហនុ ៖ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំនៅសាលាខេត្តព្រះសីហនុ ដើម្បីស្តាប់របាយការណ៍ដំបូងស្តីពីការចុះស្រង់ស្ថិតិជនបរទេសក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា វត្តមានជនបរទេសចម្រុះជាតិសាសន៍នៅក្នុងខេត្តព្រះសីហនុកើនឡើងច្រើននាពេលបច្ចុប្បន្ននេះ ពិសេសជនជាតិចិន។ ការកើនឡើងនេះ អភិបាលខេត្តបញ្ជាក់ថា ដោយសារតែខេត្តព្រះសីហនុ កំពុងតែមានសន្ទុះនៃការអភិវឌ្ឍន៍តាមរយៈនៃគម្រោងវិនិយោគជាច្រើនគម្រោង ហើយគម្រោងវិនិយោគទាំងអស់នេះ មានសំណង់ហេដ្ឋារចនាសម្ពន្ធ័ជាច្រើនបានកើតឡើងដូចជាសំណង់អគារពាណិជ្ជកម្មកម្ពស់ខ្ពស់ៗជាដើម ដែលពីមុនមិនធ្លាប់មានទេ។
លោកយន្ត មីន បានបញ្ជាក់ថា ចំពោះជនបរទេសគឺបែងចែកជា៣ប្រភេទ ទី១ជនបរទេសដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ ។ ទី២ ជនបរទេសដែលជាពលករឬកម្មករដែលចូលមកធ្វើការងារតាមក្រុមហ៊ុននិងការដ្ឋានសំណង់មួយចំនួន និងទី៣គឺជាអ្នកទេសចរណ៍ចលត័។
ថ្លែងក្នុងឧិកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធបានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ សហការជាមួយរដ្ឋបាលខេត្តធ្វើកិច្ចការដោយផ្អែកលើផ្លូវច្បាប់ មិនគិតជាតិសាសន៍ ណាឡើយដែលចូលមកនិងបំពេញការងារស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា អជ្ញាធរត្រូវគាំទ្រនិងការពារ ប៉ុន្តែជនបរទេសរូបណាដែលល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែចាត់វិធានការណ៍តាមច្បាប់ ដោយមិនលើកលែងឡើយ៕