ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចូលឆ្នាំ​ចិន ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍មាន​មនុស្ស ៣៦​នាក់ និងរបួស ៨៩​នាក់ ថយចុះ​ជាងឆ្នាំមុន

​ភ្នំពេញ​ យោងតាមរបាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ​ចាប់ ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បានកើត​ឡើង ៦៧​លើក បណ្តាល​ឲ្យ​ស្លាប់ ៣៦​នាក់ និង​របួស ៨៩​នាក់​។ ក្នុងចំណោម​អ្នកស្លាប់​ទាំង ៣៦​នាក់ មាន ២៩​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ២៤​នាក់​។ បើ​ធៀប​នឹង​ឆ្នាំមុន អំឡុងពេល​ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើនឡើង តែ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ថយចុះ​។​

​របាយការណ៍​ដដែល បង្ហាញថា មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​លឿន​ល្មើស​ល្បឿន​កំណត់ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ងងុយដេក និង​កត្តា​យាន​។ ដោយឡែក រាជធានី​-​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើន រួមមាន ក្រចេះ កំពង់ស្ពឺ កំពង់ចាម រាជធានី​ភ្នំពេញ តាកែវ កណ្តាល កោះកុង និង​ខេត្តព្រះវិហារ​។​

​របាយការណ៍​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៤​ថ្ងៃ ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន កាលពី​ឆ្នាំ គឺ​ចាប់ពី​ថ្ងៃទី​១៥-១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ៦៦​លើក បណ្តាល​ឲ្យ​ស្លាប់ ៤៤​នាក់ និង​របួស ៩១​នាក់​៕​