ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ការពារតំបន់ទេសចរណ៏ពីរកន្លែង ស្ថិតនៅក្នុងស្រុករមាសហែក ឲ្យបានគង់វង្សល្អប្រសើរ និងឲ្យមន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិចាត់ចែងរៀបចំ ចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ ។
ក្នុងការចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុករមាសហែកនាព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោក ម៉ែន វិបុល បានបញ្ជាក់ឲ្យដឹងថា យើងមានតំបន់សក្ដានុពល ទេសចរណ៍នៅស្រុករមាស ហែកទាំង២កន្លែងនេះ និងត្រៀមដាក់ចូលជាសម្បត្ដិរដ្ឋ ជៀសវាង ទៅថ្ងៃក្រោយមានក្រុមខិលខួច លួច យកតំបន់សក្ដានុពល ទេសចរណ៏ទាំងនេះ ទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន ដើម្បីទទួលបានផលប្រយោ ជន៏។
តំបន់សក្ដានុពលនេះរួមមាន ទី១-តំបន់រៀបចំ ឈ្មោះ ប្រាសាទអង្គរថ្មីបូរីខ្មែរ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ។ ទី២-តំបន់ប្រាសាទជាហោ ស្ថិតនៅ ភូមិព្រៃក្ដី ឃុំគគីរ ។
ក្នុងឱកាសនោះលោកអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់សហការការពារតំបន់ទាំងពីរ នេះឲ្យបានគង់វង្សល្អប្រសើរ និងបានដាក់ទិសដៅឲ្យមន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិសាស្ដ្រ និងចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រង និងការពារ ព្រមទាំងត្រូវរៀបចំផែនការមេឲ្យបានច្បាស់លាស់ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជា មូលដ្ឋាន ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់អ្នកទេសចរទាំងក្នុង និងក្រៅខេត្តមកទស្សនា និងលេងកម្សាន្តនៅតំបន់នេះ៕
