ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អំឡុងពេល​បុណ្យចូលឆ្នាំ​ចិនឆ្នាំនេះ អ្នកទេសចរ​មានចំនួនច្រើនជាង​ឆ្នាំមុន ពិសេស​អ្នកទេសចរ​ក្នុងស្រុក​

ភ្នំពេញ​៖ មន្ត្រី​ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន នៅ​ឆ្នាំនេះ  នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​អ្នកទេសចរ កើនឡើង​ក្នុង​រង្វង់​ជាង ១០% បើ​ធៀប​នឹង​​បុណ្យចូលឆ្នាំ​ចិន កាលពី​ឆ្នាំមុន​។

លោក ទិ​ត្យ ចន្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកទេសចរ​ប៉ុន្មាន​នាក់នោះទេ ដែល​បាន​ដើរ​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងអំឡុងពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ​ទេ ដោយ​លោក អះអាងថា មន្ត្រី​ជំនាញ កំពុង​បូកសរុប​។

​លោក ទិ​ត្យ ចន្ថា បាន​បញ្ជាក់ថា “​កំណើន​អ្នកទេសចរ មាន​ច្រើនជាង​ឆ្នាំមុន​។ ដោយសារ​អី​? ដោយសារ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​ល្អ ជាពិសេស​ទេសចរ​ក្នុងស្រុក គឺ​បងប្អូន​ប្រជាពលរដ្ឋ​យើង មាន​ចំណូល មាន​មធ្យោបាយ មាន​យានយន្ត មាន​ឡាន អាច​ទៅ​ទស្សនា​បាន​គ្រប់កន្លែង​បាន​ទាំងអស់នៅ ទូទាំងប្រទេស​។ អញ្ចឹង កើនឡើង​ប្រហែល​ជាង ១០%​។ ប៉ុន្តែ​ចំនួន​សរុប កំពុង​បូកសរុប​”​។​

​យោងតាម មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប បានប្រកាស​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ថា ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ចាប់ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៧ ខែកុម្ភៈ​នេះ នៅ​ខេត្តសៀមរាប មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កើនឡើង​ជិត ៤%​។ ពោលគឺ​ភ្ញៀវទេសចរ ដែល​បាន​ទៅលេងកម្សាន្ត​នៅ​ខេត្តសៀមរាប ពិសេស​តំបន់​រមណីយដ្ឋាន​អង្គរ សរុប​មាន​ចំនួន​ប្រមាណ​ជាង ៩​ម៉ឺន​នាក់​។

​ដោយឡែក មន្ទីរ​ទេសចរណ៍ ខេត្ត​ព្រះសីហនុ បានប្រកាសថា ភ្ញៀវទេសចរ ដែល​បានមក​សម្រាក​កម្សាន្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ចិន គិត​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ខេត្ត​ព្រះសីហនុ ឬ​ឆ្នេរសមុទ្រ​កំពង់សោម គឺមាន​ទេសចរ​ប្រមាណ ៥៨.០០០​នាក់ ថយចុះ​ជាង ៣៤ %​។ ក្នុងនោះ មាន​អ្នកទេសចរ​ជាតិ ប្រមាណ ៤៥.៥០០​នាក់ ថយចុះ ជាង ៤២% និង​អ្នកទេសចរ​អន្តរជាតិ ប្រមាណ ១២.៥០០ នាក់ កើនឡើង​ជិត ៤០%​។​

អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នេះ តម្លៃ​នៃ​ការ​ស្នាក់នៅ តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ រួមទាំង​តម្លៃ​ម្ហូបអាហារ និង​សេវាកម្ម​ផ្សេងៗ នៅតាម​រមណីយដ្ឋាន​នានា ពិសេស​នៅ​តំបន់​មាត់សមុទ្រ បាន​បន្ត​ឡើងថ្លៃ ១ ជា ២ ឬក៏​អាច​ដល់ ១ ជា ៣​ក៏មាន​។ ការឡើង​ថ្លៃ​នេះ បាន​ក្លាយជា​ទម្លាប់​ទៅហើយ នៅតាម​តំបន់​ទេសចរណ៍​នានា ក្នុងប្រទេស​កម្ពុជា នៅ​អំឡុងពេលមន​បុណ្យទានម្តងៗ ជា​រៀងរាល់ឆ្នាំទៅហើយ​៕