ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជននិងកីឡាណែនាំ​ឲ្យសាលារៀន មានវិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅពេលខាងមុខនេះ

 

​ភ្នំពេញ៖ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ ស្តីពី វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិន​ប​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។

លោក​រដ្ឋមន្ត្រី បាន​ណែនាំ ៤​ចំណុច ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជា​ផ្ទៃ ដែលជា​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

​សេចក្តីណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ( Valentine’s Day ) ជា​ឱកាស​មួយ​ធ្វើ​ឲ្យ​សិស្សានុសិស្ស​មួយចំនួន​យល់​ច្រឡំ​ថា បុណ្យ​នេះ ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​។ ទិវា​នេះ ពុំមែន​ជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​យើង​ទេ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ កាន់​តែមាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើ​ឲ្យ​យុវវ័យ​ភ្លើតភ្លើន ភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន និង​ក្រុម​គ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង​។​

​ដើម្បី​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថានសាធារណៈ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ​ស្តីពី​វិធានការ​ទប់ស្កាត់​សកម្មភាព មិន​ប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដូចតទៅ​៖
១-​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ ដូចជា តាមរយៈ​ការប្រជុំ​នៅពេល​គោរព​ទង់ជាតិ កុំ​ឲ្យ​មានការ​យល់​ខុស​អំពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។​

២-​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស​លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។​

៣-​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “​មិត្ត​អប់រំ​មិត្ត​”​។​

៤-​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍ ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ ណែនាំ​កែលម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​៕