ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត រដ្ឋមន្រ្តី អ៊ិត សំហេង ប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិទី១!

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានចូលរួម​ក្នុងពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១ និង​​បានផ្តល់អនុសាសន៍លើកទឹកចិត្តបន្ថែមដល់មន្ត្រី ប.ស.ស គ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាភិបាល ប.ស.ស អាណត្តិថ្មីនេះ ត្រូវដាក់ចិត្តបម្រើឲ្យអស់ពីកម្លាំងកាយចិត្តចំពោះប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីរាជការដទៃទៀតដែលទៅទទួលសេវា ប.ស.ស នៅតាមទីកន្លែងនានា។

ពិធីប្រកាសសមាភាពសមាជិកក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម អាណត្តិទី១នេះ ត្រូវបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស។ លោក​បណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង និងមានការគាំទ្រយ៉ាងទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន សូម្បីតែគណបក្សនយោបាយនានាក៏ដោយ។

លោក​​បណ្ឌិតបានក្រើនរំលឹកដល់សមាជិកក្រុមប្រឹក្សាភិបាលថ្មី និងចាស់សូមមេត្តាស្វែងយល់ និងខិតខំអនុវត្តតាមព្រះរាជក្រឹត្យ ដែលកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ខណៈវិសាលភាពកាន់តែធំ ដោយគ្របដណ្ដប់លើវិស័យសាធារណៈថែមទៀត ដូច្នេះគឺទាមទារការសម្រេចចិត្ត និងប្រតិបត្តិការកាន់តែឆាប់រហ័ស។

លោក​​បណ្ឌិតបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវខិតខំបំពេញភារកិច្ច ហើយកុំមានការភ័យព្រួយពាក់ព័ន្ធនឹងការមើលរំលងស្នាដៃរបស់ខ្លួនឲ្យសោះ ដោយហេតុថាក្រសួង ក៏ដូចជារាជរដ្ឋាភិបាកនៅតែមានការលើកទឹកចិត្ត និងដំឡើងតួនាទីទៅតាមស្នាដៃ។

លោករដ្ឋមន្រ្តីបានបន្តថា ថ្វីដ្បិតរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតឲ្យនិយោជកកាត់បន្ថយការបង់វិភាគទាន ក្នុងកំឡុងពេលសហគ្រាស គ្រឹះស្ថានដាក់ព្យួរការងារដោយផលប៉ះពាល់ជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែកម្មករនិយោជិតនៅបន្តទទួលបានសេវាថែទាំសុខភាព ពី ប.ស.ស ដដែល។

នៅចុងឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីបានអនុម័តឱ្យប្រើប្រាស់ ហើយគ្របដណ្តប់ ៤ផ្នែក រួមមាន៖ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះព្រមទាំងបុគ្គលស្វ័យនិយោជន៍។

លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានផ្តល់សេវាថែទាំសុខភាព និងប្រាក់ឧបត្ថម្ភដល់ស្រ្តីក្នុងគ្រួសារក្រីក្រមានផ្ទៃពោះ រហូតដល់កូនក្រោមអាយុ ២ឆ្នាំ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានបើកសាច់ប្រាក់ និងផ្តល់អំណោយផ្សេងៗជូនគ្រួសារក្រីក្រដែលមានផលប៉ះពាល់កំឡុងពេលជំងឺកូវីដ-១៩ រីករាលដាលផងដែរ។