(ខេត្តប៉ៃលិន)៖មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារព្រំ និងផ្ទះលក់គ្រឿងទេសជុំវិញផ្សារ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃនៅថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ។
ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគុយទាវសរសៃតូច-ធំ ខ្ញីហាន់ បង្គារស្រស់ មឹកស្រស់ និងពពុះសណ្ដែក។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទឹកខ្មេះខូចគុណភាពសរុបចំនួន ៣ ដប ស្មើនឹង ១.៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញ នោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីសាខា ក.ប.ប. ខេត្តប៉ៃលិន បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕