ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឃួង ស្រេង ដាក់បទបញ្ជាឲ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនាថ្ងៃឈប់សម្រាក

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជា ពលរដ្ឋឱ្យបានល្អប្រសើរពិសេសនៅក្នុងពេលឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលគ្រោងនឹងឈប់សម្រាកចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី ២១ខែសីហាឆ្នាំ២០២០ ខាងមុខនេះ។
ការដាក់បទបញ្ជានិងការណែនាំរបស់ប្រធានគណៈបញ្ជាការឯកភាពភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំបែបនេះ កាលពីរ​សៀលថ្ងៃទី០៥ខែសីហា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា កិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់ គឺជាកិច្ចការងារដែលអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់វពិសេសគឺក្នុងអំឡុងពេលនៃការឈប់សម្រាកចូលឆ្នាំខ្មែរប្រពៃណីជាតិដែលគ្រោងនឹងចំណាយជំនួសនៅថ្ងៃទី ១៧រហូតដល់ថ្ងៃទី ២១ខែសីហានេះ ។ ដូច្នេះទេ អាជ្ញាធរនិងកងកំលាំងសមត្ថកិច្ចទាំងអស់ រួមទាំងមន្ទីរពាក់ព័ន្ធផង ត្រូវរួមសហការគ្នា ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសនៃថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រៅពីការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋជូនប្រជាពលរដ្ឋហើយនោះ ការបង្ការទប់ស្កាត់ជំងឺកូវីដ_១៩ ក៏ជារឿងសំខាន់ខ្លាំងមួយដែរ ដែលយើងត្រូវរួមគ្នាដើម្បីពង្រឹងនិងទប់ស្កាត់អោយបានទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល។

លោកឃួង ស្រេង ក៏បានធ្វើការដាស់តឿនទៅដល់ប្រធានមន្ទីរមួយចំនួនចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវស្តាប់តាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ តែក៏មិនអាចផ្តាច់បានពីក្រសួងដែរ តែការងារដែលត្រូវធ្វើនោះគឺការបម្រើប្រជាពលរដ្ឋ ។ប្រធានមន្ទីរត្រូវសិក្សាពីវិមជ្ឈការអោយបានច្បាស់លាស់ បើធ្ងល់សួរគេ ដើម្បីយកមកអនុវត្តឲ្យចំតួនាទីនិងភារកិច្ចរបស់ខ្លួន៕

ដោយ៖​​សំរិត