(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្ពោធផ្លាកឈ្មោះ និងរូបសញ្ញាថ្មីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” អតីតអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យ ទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ “កាំកុងត្រូល” ដើម្បីបន្តបំពេញតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្មបានប្រគល់ជូន ឱ្យស័ក្តិសមជាមួយនឹងមុខមាត់ថ្មីរបស់អគ្គនាយកដ្ឋាននៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ
ទន្ទឹមនឹងការដាក់សម្ពោធផ្លាកឈ្មោះនិងរូបសញ្ញាថ្មីនេះ លោករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីនៅក្នុងអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ឱ្យបន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនជាអាទិភាព ដើម្បីបង្កើនប្រសិទ្ធិភាព និងទំនុកចិត្តកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ។
ពិធីសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី លោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និង មន្ត្រីរាជការ ច្រើនរូបទៀត។
រដ្ឋមន្ត្រី បានបង្ហាញនូវក្តីសោមនស្សរីករាយចំពោះវត្តមានផ្លាកឈ្មោះ និងរូបសញ្ញាថ្មីនៃអគ្គនាយកដ្ឋាន ក.ប.ប.នេះ និងសមិទ្ធិផលការងារធំៗជាច្រើនដែលអគ្គនាយកដ្ឋានសម្រេចបាន ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ។ ជាក់ស្តែងដូចជា កិច្ចការគ្រប់គ្រងគុណភាព សុវត្ថិភាព និងតម្លៃទំនិញនៅលើទីផ្សារ កិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំតាមគ្រប់រូបភាព រួមទាំងកិច្ចការកសាងច្បាប់ លិខិតបទដ្ឋានគ ត្រូវបានកសាង និងដាក់ឱ្យអនុវត្តជាផ្លូវការ។
លោករដ្ឋមន្ត្រី ក៏បានណែនាំ និងស្នើឱ្យមន្ត្រីអគ្គនាយកដ្ឋានក.ប.ប ទាំអស់បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត និងខិតខំកសាងអនុក្រឹត្យ ប្រកាស ឬលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា មន្ត្រីទាំងអស់ត្រូវខិតខំទប់ស្កាត់ឱ្យបាននវការលក់ប្រេងបន្លំគុណភាព កឹបកេងផ្នែកបរិមាណ និងការលក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្ត្រីបានបន្ដទៀតថា មន្ត្រីទាំងអស់ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ព្រោះវាជាមានហានិភ័យខ្ពស់ និងត្រូវគ្រប់គ្រង ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម មានលក្ខណៈបោកបញ្ឆោត ពង្វាងការពិត និងបំភាន់អ្នកប្រើប្រាស់ឲ្យយល់ច្រឡំ ប្រាសចាកពីបទប្បញ្ញត្តិនៃច្បាប់។
លោករដ្ឋមន្ត្រីបានជំរុញការសាងសង់ និងបំពាក់ឧបករណ៍មន្ទីរពិសោធន៍ខ្នាតតូចនៅតាមព្រំដែន ឱ្យបានគ្រប់ខេត្ត ដើម្បីធានាសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ ឲ្យទទួលបាននូវភាពកក់ក្ដៅ និងបានស្នើអោយលោកអគ្គនាយកពិនិត្យរៀបចំទទួលយកការងារពាក់ព័ន្ធនឹងកិច្ចការហាឡាល មកអនុវត្តនៅនាយកដ្ឋានកិច្ចការហាឡាលវិញ និងរៀបចំរចនាសម្ព័ន្ធចាត់តាំងរបស់សាខារាជធានី ខេត្ត ឡើងវិញ ដើម្បីបន្តធានាប្រសិទ្ធភាពការងារ។
ដើម្បីទទួលបានជោគជ័យក្នុងការងារ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើថាមន្ត្រីទាំងអស់ត្រូវរក្សាសាមគ្គីភាព ស្រឡាញ់រាប់អាន និងសហការគ្នាឱ្យបានស្អិតរមួតក្នុងការបំពេញការងារ ព្រោះសាមគ្គីភាព គឺជាកត្តានាំទៅដល់ភាពជោគជ័យក្នុងការងារ ដូចសុភាសិតខ្មែរមួយថា “ចង្កឹះមួយបាច់កាច់មិនបាក់”៕