(ខេត្ដឧត្តរមានជ័យ)៖មន្ត្រីសាខា ក.ប.ប. ខេត្ដឧត្តរមានជ័យ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សាអន្លង់វែង មានទីតាំងនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារ ១៦ គំរូ មកធ្វើតេស្តបឋមរួមមាន៖ ប្រហុក ប្រភេទជ្រក់ ខ្ញីហាន់ មីសួរ នំបញ្ចុក បង្គារ មឹក សណ្ដែកបណ្ដុះ ប្រហិតសាច់គោ និងអំបិល ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសំបកវេចខ្ចប់ផងដែរ។
ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕