អាជ្ញាធរស្ថិតិរបស់ប្រទេសហ្វីលីពីន (Philippine Statistics Authority) ដែលហៅកាត់ថា PSA បានចេញរបាយការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហានេះ ស្តីពីពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសនេះ ដែលបានធ្លាក់ចុះ១៨.៦% កាលពីខែមិថុនា ស្មើនឹងទឹកប្រាក់ប្រមាណ១៣.១៣ពាន់លានដុល្លារអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។
របាយការណ៍របស់ PSA បានអោយដឹងថា ការធ្លាក់ចុះ១៨.៦%នៃពាណិជ្ជកម្មក្រៅប្រទេស គឺជាការធ្លាក់ចុះទាបបំផុត បើប្រៀបធៀបនឹងការធ្លាក់ដូចគ្នាកាលពីខែមុនៗនៅឆ្នាំនេះ ហើយការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ក៏បានធ្លាក់ចុះ៩.៦%ផងដែរ ដែលស្មើនឹងទឹកប្រាក់ប្រមាណ៥.៦៥ពាន់លានដុល្លារអាមេរិក ពីការធ្លាក់ចុះស្រាប់នូវការនាំចេញកាលពីខែមុនក្នុងអត្រា១២.៥%។
របាយការណ៍របស់ PSA បានអោយដឹងបន្ថែមថា ប្រាក់ចំណូលដែលបានមកពីការនាំចេញចាប់តាំងពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួនទឹកប្រាក់៣៤.១៣ពាន់លានដុល្លារអាមេរិក គឺទាបជាង១៦.៤%ពីការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ៕