ស្វាយរៀង៖ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានរកឃើញសារធាតុបូរ៉ាក់លើងៀតត្រីបបែលផ្អែមស្រស់ចំនួន៥.៥គីឡូក្រាម និងសាធាតុគីមីលើជ្រក់ស្ពៃខៀវ ប្រភេទសាលីសុីលុិច ចំនួន៦គីឡូក្រាម មន្ត្រីជំនាញបានធ្វើការដកហូត រួមនិងបានធ្វើកិច្ចសន្យាដោយមិនឱ្យបងប្អូនអាជីវករដាក់លក់តទៅទៀតទេ នៅព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ ។
ការចុះត្រួតពិនិត្យស្វែងរកសាធាតុគីមីដឹកនាំដោយលោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង សហកាជាមួយមន្ទីរពាណិកម្ម មន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញគ្រប់មុខ នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីរកសារធាតុគីមី បន្លែផ្លែឈើគ្រប់ប្រភេទរដែលច្បាប់ហាមឃាត់ ។
លោក ផឹង និល បានឲ្យដឹងថា៖ ការចុះពិនិត្យលើមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានា «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។ហើយការចុះពិនិត្យទំនិញបានធ្វើការពិនិត្យមុខទំនិញបានជាច្រើនមុខដោយបានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ ត្រី សាច់ងៀត គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ហើយបានណែនាំដល់អ្នកលក់ត្រូវបញ្ឈប់ដាក់លក់ជាបន្ទាន់ នៅប្រភេទងៀតបបែល ដែលផ្ទុកសារធាតុគីមីនេះ ។
លោកប្រធានសាខាកាំកុងត្រូល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគជាពិសេស ត្រូវចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះពិនិត្យតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ តាមផ្សារនានានៅក្នុងខេត្តស្វាយរៀង ។
នៅថ្ងៃដដែលនេះបន្ទាប់ពីពិនិត្យក្នុងផ្សារវាលយន្តរួចមកមន្ត្រីកាំកុងត្រូលបន្តចុះមកពិនិត្យមុខទំនិញនៅកន្លែងតាំងពិពណ៌របស់ថៃផងដែរ ប៉ុន្តែពុំមានរកឃើញមានដាក់នូវសាធាតុគីមខុសច្បាប់នោះទេ ៕