ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញនៅថ្ងៃទី២៤ខែកញ្ញានៅតែអះអាងថា ពួកគាត់នៅតែប្រកាន់ជំហរនាំគ្នាចងបដា តវ៉ាប្រឆាំងនឹងការលុបបឹង(ស្រះទឹក) ក្នុងបុរីនោះដដែល ពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង លែន ហើយបានដាក់សំណើសុំអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការលុបស្រះ ពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន។
តំណាងពលរដ្ឋបានឲ្យដឹងថា ចំពោះការលុបបឹង(ស្រះទឹក) ដែលជាការកែប្រែប្លង់សរុបរបស់បុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ ឬការកែប្រែផ្លាស់ប្តូរដីនៅទីតាំងនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ថា ស្រះទឹកនេះ ដែលមានបណ្ដោយប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិ ហ្គ្រេនភ្នំពេញ ស្របតាមប្លង់សរុប ដែលបានអនុញ្ញាតជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់សហគមន៍។
លោកឧកញ៉ា ហ៊ុន ឡាក់ ដែលបានទិញលំនៅដ្ឋានក្នុងបុរីនោះបានមានប្រសាសន៍ថា អ្នករស់នៅក្នុងបុរីហ្គ្រែនភ្នំពេញ មកដល់ពេលនេះមានរយះពេលជាង១០ឆ្នាំហើយ ហើយអ្នកមកទិញលំនៅដ្ឋានក្នុងបុរីនោះ ដោយសារឃើញទេសភាព បរិស្ថានព័ណ៌បៃតងល្អស្អាត មានតារាងវាយកូនគោល និងមានស្រះទឹក ។
លោកឧកញ៉ា បន្ថែមថា« រហូតមកដល់ឆ្នាំ២០១៩ ខាងក្រុមហ៊ុនចាស់បានផ្ទេរមកឲ្យ ខាងក្រុមហ៊ុនថ្មីគ្រប់គ្រងក៏បានដាក់ប្រកាសលក់តែម្តង ដោយមិនបានជូនដំណឹង ដល់អ្នករស់នៅទីនោះបានដឹងឡើយ ។ ហើយសហគមន៍រស់នៅក្នុងហ្គ្រែនភ្នំពេញ បាន សុំជួបជាមួយខាងក្រុមហ៊ុនដើម្បីបកស្រាយបំភ្លឺ នឹងឲ្យរក្សាស្រះទឹកនោះនៅដដែល» ។
សម្រាប់ លោកបណ្ឌិត អុិន ចាន់នី ដែលបានទិញបុរី នឹងរស់ទីនោះជាង១០ឆ្នាំមកហើយ បាន បញ្ជាក់ថា« អ្នកដែលទិញផ្ទះនៅក្បែរមាត់ស្រះទឹកនោះ គឺមានតម្លៃថ្លៃ ហើយចំពោះការប្រែប្រួលធ្វើអ្វីមួយត្រូវសួរយោបល់អ្នកដែលរស់នៅទីនោះគាំទ្រសម្លេង៧៥ភាគរយយ៉ាងតិច ។ តែខាងក្រុមហ៊ុន ជីប ម៉ុង លែន ចង់អភិវឌ្ឍន៍ធ្វើអ្វីមួយមិនបានសួរនាំអ្នករស់នៅទីនោះឡើយ »។
ពលរដ្ឋបានបន្ថែមថា ក្រុមហ៊ុន (ជីប ម៉ុង លែន) នឹងលុបបឹង (ស្រះទឹក) នៅក្នុងទី តាំងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញនេះ ដើម្បីសាងសង់លំនៅឋានលក់ក្នុងគម្រោងថ្មីរបស់ខ្លួន។
ទាក់ទងនិងបញ្ហានេះ ខាង ដេលីខ្មែរ មិនអាចទាក់ទងខាងក្រុមហ៊ុន ជីប ម៉ុង លែន បំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ ប៉ុន្តែពលរដ្ឋខាងនៅតែមិនសុខចិត្តក្នុងការលុប់បឹងនេះដដែល ដោយទាមទារឲ្យមានការដោះស្រាយតាមទៅគោលការណ៍និងច្បាប់នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕