កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោយបញ្ចប់បេសកកម្មនៅស្រុកស្រីសន្ធរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីសម្រាប់សិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម និងកុមារកំព្រាកុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ កម្មវិធីនេះ រៀបចំឡើងនៅបរិវេណវិទ្យាល័យអប់រំពិសេសខេត្តកំពង់ចាម ស្ថិតនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមណ្ឌលកុមារកំព្រាខេត្ត លោកគ្រូ អ្នកគ្រូ ម្ដាយចិញ្ចឹម កុមារកំព្រា កុមារពិការភ្នែក និងកុមារគថ្លង់ ចំនួន២២៨នាក់។
ថ្លែងក្នុងឱកាសនេ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្ដេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះកុមារពិការភ្នែក កុមារគថ្លង់ និងកុមារកំព្រា។
លោកបានណែនាំដល់ដល់កុមារទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយត្រូវស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីអនាគតរបស់ខ្លួន បើទោះបីជាមានបញ្ហា ក៏មិនត្រូវអស់សង្ឃឹមត្រូវតស៊ូជំនះរាល់ឧបសគ្គ និងត្រូវខិតខំរៀនសូត្រ បង្កើនសមត្ថភាពជំនាញ ដើម្បីជាការតបស្នងសងគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបម្រុង និងជួយជ្រោមជ្រែងដល់កុមារៗនៅទីនេះ ហើយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន បើមានមិត្តភក្តិ ឬនរណាម្នាក់ អូសទាញឲ្យប្រើប្រាស់គ្រឿងញៀន ត្រូវរាយការណ៍ដល់លោកគ្រូ អ្នកគ្រូភ្លាម។
លោកអភិបាលខេត្ត បានធ្វើការណែនាំដល់គណៈគ្រប់គ្រងសាលា ឲ្យបន្តអនុវត្តនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ និងណែនាំឲ្យកុមារៗ ត្រូវថែទាំសុខភាព ដោយត្រូវអនុវត្តនូវវិធានការអនាម័យ និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យឆ្លងនៅជំងឺផ្សេងៗ។
គួរបញ្ជាក់ថា វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សសរុប១៧១នាក់ ស្រី៧៣នាក់ ក្នុងនោះសិស្សពិការភ្នែកចំនួន៥៩នាក់ ស្រី២៦នាក់ សិស្សគថ្លង់ចំនួន១១៣នាក់ ស្រី៤៧នាក់ និងបុគ្គលិកសរុបមានចំនួន៣៥នាក់ ស្រី១៣នាក់។
សម្រាប់មណ្ឌលកុមារកំព្រាខេត្តកំពង់ចាម មានកុមារចំនួន៧៣នាក់ ស្រី៣១នាក់ជាក់ស្តែង កុមារស្នាក់នៅក្នុងមណ្ឌលមានចំនួន៥៧នាក់ ស្រី២៣នាក់ កុមារចេញទៅរៀនជំនាញខាងក្រៅ ចំនួន១៦នាក់ ស្រីប្រាំបីនាក់ (រៀនផ្នែកអគ្គិសនីដុនបូស្តូប្រាំនាក់ ប្រុសរៀនជាងឡាន ពីរនាក់, ស្រីរៀនផ្នែកលេខាធិការប្រាំមួយនាក់ និងស្រីប្រាំនាក់ រៀនធ្វើម្ហូបបីនាក់៕