ភ្នំពេញ៖ អ្នកវិទ្យាសាស្រ្តបានបង្ហាញរូបភាព សត្វ រមាំង (Rucervus eldii) ចំនួន បួនក្បាល ដែលគេថតបានជាលើកដំបូងក្នុង អំឡុងពេលប្រាំឆ្នាំ តាមរយៈការប្រើម៉ាស៊ីនថត ស្វ័យប្រវិត្ត នៅក្នុងដែន ជម្រក សត្វព្រៃសំបូរ ជាតំបន់ការពារធម្ម ជាតិមួយ ស្ថិតក្រោមការគាំទ្រដោយអង្គការ WWF មានទីតាំង ស្ថិតក្នុងតំបន់ទេសភាព ព្រៃលិចទឹក មេគង្គ នៃខេត្ត ក្រចេះ។
សត្វរមាំង ត្រូវបានចាត់ថ្នាក់ ជាប្រភេទសត្វ រងគ្រោះជិតផុតពូជ ទាំងនៅក្នុង ច្បាប់ព្រៃឈើ របស់ប្រទេសកម្ពុជា និងក្នុងបញ្ជីក្រហម របស់អង្គការ IUCN ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិរួមនឹងអង្គការដៃគូបានខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ និងជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋចូលរួម ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិសត្វព្រៃឱ្យបានគង់វង្ស។
ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វរមាំងទាំងនេះដែលកំពុងតែរស់នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជាឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។
សូមបញ្ជាក់ថា ក្នុងរយៈ ពេល ៦ ខែឆ្នាំ ២០២០ ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានចុះល្បាតចំនួន ១៣ ៨០៤ លើក និងបានបង្ក្រាបបទល្មើសបាន ៣ ៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ ករណី រឹបអូសរណាយន្តបានចំនួន ២៥៧៨ គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ ករណី។
ក្រសួងបរិស្ថានទទួលស្គាល់ថា ទោះបីជាមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងយប់ថ្ងៃ ប៉ុន្តែបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចៗនៅតែកើតមានដែល សមត្ដិកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធបន្តបង្ក្រាបនិងទប់ស្កាត់បន្តទៀត ៕