ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជុំ កុសល៖ យើងរួមគ្នាការពារសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយម នោះយើងនឹងកាន់តែរឹងមាំ

តាកែវ៖ លោក ជុំ កុសល ប្រធានកិត្តយសសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព និងជារដ្ឋលេខាធិកាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងនាមយើងដែលជាយុវជនគឺត្រូវរួមគ្នាការពារសុខសន្តិភាព និងបណ្តុះផ្នត់គំនិតជាតិនិយមទៅដល់គ្រប់ស្រទាប់វណ្ណៈ នោះប្រទេសជាតិនឹងកាន់តែខ្លាំងក្លារឹងមាំថែមទៀត ។

ថ្លែងក្នុងពិធី ប្រកាសទទួលស្គាល់ជាផ្លូវការគណៈកម្មការធិការប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការប្រកាសតែងតាំងលោក ហេង វុទ្ធី ជាប្រធានសាខាខេត្ត នៅឯសាលមហោស្រពខេត្តតាកែវ ។

លោក ជុំ កុសល  បានមានប្រសាសន៍បន្តថា សុខសន្តិភាពនេះ គឺយើងរកដោយលំបាកខ្លាំងណាស់ ហើយក្នុងនាមយុវជនជំនាន់ក្រោយ ពិសេសក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ត្រូវរួមចិត្តរួមគំនិតការពារនូវអ្វីដែលមានសព្វថ្ងៃ ដែលបានកសាងតាំងពីបាតដៃទទេ ហើយខិតខំបន្ត កសាងនឹងអភិវឌ្ឍន៍សង្គមជាតិរបស់យើងឲ្យមានការរីកចម្រើន ។

រដ្ឋលេខាធិកាបន្ថែមទៀតថា សន្តិភាពមាននេះ ពិតជាមិនអាចខ្វះបាន និងពិបាកនឹងរកវាបានខ្លាំងណាស់ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏ឆ្នើមរបស់យើង បានដាក់ពាក្យស្លោក អរគុណសន្តិភាព ដែលពាក្យអរគុណសន្តិភាពនេះ គឺចង់ប្រាប់ថា ទម្រាំយើងមានសន្តិភាពដូចសព្វថ្ងៃនេះ គឺពិបាកខ្លាំងណាស់ ហើយវាពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយចំពោះមនុស្សជាតិនៅលើ សកលលោក ដូចនេះយើងទាំងអស់គ្នា សូមចូលរួមថែរក្សាឲ្យបានរឹងមាំជាបន្តទៀត ដូច្នេះយើងត្រូវរួបរួមគ្នាថែរក្សានូវសន្តិភាព ដែលមានតម្លៃមហាសាលនេះ ឱ្យបានដាច់ខាតមិនឱ្យជនណាមកបំផ្លាញឡើយ៕