ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ដឹកនាំការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ក្នុងខេត្តតាកែវ ដែលរងការខូចខាតដោយសាររូងនាគ

តាកែវ៖ នារសៀល ថៃ្ងសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថៃ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខាធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក ដែលរងការខូចខាតដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ។ 

សូមបញ្ជាក់ជូនថា  ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពានទ្វារទឹកធំនៃអាងទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ បានអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រ ដើម្បីជួសជុលរូងនាគ ដែលមានអង្កត់ផ្ចិតប្រវែង១,៣ ម៉ែត្រ​ ត្រង់ទីតាំងនោះ, កិច្ចការងារអន្តរាគមន៍បិទផ្ចិតរូងនាគបានដោយជោគជ័យនៅកណ្តាលអាធ្រាត្រយប់ថ្ងៃដដែល ហើយរហូតមកដល់ពេលនេះនៅសល់តែការងារចាក់បំពេញដី​ និងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ។

ក្នុងឱកាសពិនិត្យនេះ លោករដ្ឋមន្ត្រី បានណែនាំលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ធ្វើយ៉ាងណាឲ្យការងារជួសជុលបានល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុងការរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ៕