កំពត៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងការដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា សំណង់ស្ទាក់ទឹកខាងលើ ត្រូវបានក្រុមការងារបច្ចេកទេសនាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញា ឆ្នាំ២០២០នេះ ហើយកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ទឹកដល់ដីស្រែរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីស្រូវវស្សាប្រមាណ១៥៦០ហិកតា និងស្រូវប្រាំង៣៨០ហិកតា ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ដែលជាតំបន់តែងជួបប្រទះនូវកង្វះខាតទឹក។
លោករដ្ឋមន្រ្តី បានកោតសរសើរដល់ក្រុមការងារសាងសង់ជាមន្រ្តីបច្ចេកទេសក្រសួង ដែលបានខិតខំធ្វើការទោះជួបឧបសគ្គ និងបញ្ហាប្រឈមខ្លះៗមួយចំនួន និងណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យសំណង់នេះមានគុណភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងផ្តត់ផ្គង់ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់៕