កំពត៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មបន្តពិនិត្យស្ថានភាពទឹក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធាននាយកដ្ឋានវិស្វកម្ម មន្រ្តីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត និងខេត្តកែប បានបន្តពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
សំណង់ទំនប់បង្ហៀរខាងលើនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមសាងសាង់ជាថ្មី ទើបរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ដែលមានប្រវែង ៩៦ម៉ែត្រ ជាមួយសំណង់ទ្វារទឹក លើទំនប់ចាស់ ដែលកសាងឡេីងក្នុងសម័យខែ្មរក្រហម ប៉ុន្តែត្រូវបានជួសជុលកែលម្អឡេីងវិញម្តងរួចមកហើយក្នុងឆ្នាំ២០០៨ ហើយបានបន្តយាយីដោយជំនន់ទឹកភ្លៀងកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ តែត្រូវបានក្រសួងអន្តរាគមន៍ទប់ទល់បានទាន់ពេលវេលា។
គួររំឭកដែរថា ទំនប់អាងទឹកនេះ គឺជាប្រភេទអាង ដែលហៅថា អាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime Torrentiel)។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា «ការចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វនេះ គឺជាការពិនិត្យស្ថានភាពជាក់ស្តែង និងរំឭកនូវអនុវស្សាវរីយ៍របស់ខ្ញុំ ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង អគ្គនាយក មន្រ្តីបច្ចេកទេស ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ចំនួន១៤គ្រឿង អន្តរាគមន៍ដោយគ្មានឈប់សម្រាកទល់ភ្លឺ កាលពីល្ងាចថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ដោយចំណាយរយ:ពេលជាង២០ម៉ោង ដើម្បីបញ្ជៀសការលិចលង់ភូមិឋានប្រជាពលរដ្ឋនាពេលនោះ។ ពេលនេះសំណង់ទំនប់បង្ហៀរសាងសង់រួច បានផ្តល់ពហុប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់ រួមមានប្រេីប្រាស់ទឹកបម្រេីដល់ការងារបង្កបង្កើនផល ជារមណីដ្ឋានសម្រាប់ភ្ញៀវទេសចរកម្សាន្ត និងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ»៕