ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ត្រូវដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។
លោក ឃួង ស្រេង បានជំរុញបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០នេះ នៅសាលា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំទៅអនុវត្តឱ្យមានប្រសិទ្ធភាព។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃជាតោន ក្នុង១តោនចាប់ពី១០ដុល្លារ ដល់ ១៤ដុល្លារអាមរិក ចំពោះឡានដែលប្រើប្រាស់ប្រេងផ្ទាល់ខ្លួន។
លើសពីនេះត្រូវជួលកម្លាំងកម្មករ រួមទាំងកម្លាំងកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រីផងដែរ ដែលក្នុងម្នាក់ផ្តល់ជូន១០ដុល្លានៅពេលថ្ងៃ និងបន្ថែម៥ដុល្លារទៀតសម្រាប់អ្នកធ្វើការពេលយប់។
លោកកើត ឆែ បានស្នើឱ្យខណ្ឌនិមួយៗជាពិសេសខណ្ឌជាយក្រុង រកទីកន្លែង ឬជួលដីប្រជាពលរដ្ឋណាដែលនៅទំនេរមួយរយៈសម្រាប់ស្តុកសំរាមជាបណ្តោះអាសន្នរង់ចាំរថយន្តដឹកសំរាមមកជញ្ជូនបន្តទៅកាន់ទីលានចាក់សំរាម ធ្វើយ៉ាងណាយប់នេះយកសំរាមឱ្យអស់ពីក្នុងរាជធានីភ្នំពេញ៕