ភ្នំពេញ ៖ អង្គភាពជំនាញរបស់រាជរដ្ឋាភិបាល សម្រេចប្រមូលចំណូលពន្ធលើការធ្វើពាណិជ្ជកម្មក្រៅប្រទេស បានចំនួនជាង ១ ៤០០ ប៊ីលានរៀល និងអាករលើការនាំចូល និងការប្រមូលពន្ធ និងអាករលើការនាំចេញ ។
បើតាមរបាយការណ៍ នៃការអនុវត្តថវិការដ្ឋ ដែលបង្ហាញទិន្នន័យដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពជំនាញរបស់រាជរដ្ឋាភិបាល ប្រមូលចំណូលពន្ធលើការធ្វើពាណិជ្ជកម្មក្រៅប្រទេស អនុវត្តបានជាង ១ ៤០០ ប៊ីលានរៀល ប្រមាណជាង ៥០ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុ បើគិតក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២០។
ក្នុងរយៈពេល ៨ ខែនេះ ការប្រមូលពន្ធគយ ពីការនាំចូលទំនិញផ្សេងៗ ប្រមូលបានជាង ៩៥២ ប៊ីលានរៀល ពន្ធគយលើផលិតផលតេលសិលា ជិត ១៨៧ ប៊ីលានរៀល អាករបន្ថែមលើផលិតផលតេលសិលាសម្រាប់ថែទាំផ្លូវថ្នល់ ជាង ២១៣ ប៊ីលានរៀល ពន្ធនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិតឱសថជាង ៨ ប៊ីលានរៀល និងការប្រមូលប្រភេទពន្ធនាំចូលផ្សេងៗទៀត មានចំនួនជាង ២៨ ប៊ីលានរៀល សរុបទាំងអស់សម្រាប់ចំណូលពន្ធលើពាណិជ្ជកម្មនាំចូល ការអនុវត្តបានជាង ១ ៤០០ ប៊ីលានរៀល ។
ចំណែកពន្ធ និងអាករលើការនាំចេញវិញ ក្នុងរយៈពេល៨ខែ នេះដែរ កម្ពុជាអនុវត្តអាករលើការនាំចេញឈើ មានចំនួនជាង ៤ ប៊ីលានរៀល អាករលើការនាំចេញកៅស៊ូ ជិត ៥ ប៊ីលានរៀល និងប្រភេទពន្ធលើការនាំចេញទំនិញផ្សេងៗ មានជិត ៣ ប៊ីលានរៀល សរុបលើពន្ធនិងអាករលើការនាំចេញទាំងអស់ អនុវត្តបានប្រមាណជាង ១២ ប៊ីលានរៀល ។
ពាក់ព័ន្ធនឹងការប្រមូលចំណូលសម្រាប់ខែសីហាវិញ អង្គភាពជំនាញរបស់រាជរដ្ឋាភិបាលប្រមូលបានចំនួនជាង ១៧៤ ប៊ីលានរៀល ខណៈក្នុងខែកក្កដា ការប្រមូលពន្ធប្រភេទនេះ បានត្រឹមជាង ១៥៧ ប៊ីលានរៀលប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៨ខែ អង្គភាពជំនាញ ប្រមូលចំណូលពន្ធក្នុងស្រុក បានជាង ១១ ពាន់ប៊ីលានរៀល ក្នុងនោះ ការប្រមូលពន្ធផ្ទាល់ (ពន្ធលើផលទុនប្រាក់ចំណេញ) បានជិត ៤ ០០០ ប៊ីលានរៀល និងការប្រមូលប្រភេទពន្ធប្រយោលរួមមាន អាករពិសេសលើទំនិញ អាករពិសេសលើសេវា និងចំណូលសារពើពន្ធផ្សេងៗទៀត បានជាង ៧ ០០០ ប៊ីលានរៀលផងដែរ ៕