ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ស៊ុន សារឿន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងបង្ខំឲ្យសងប្រាក់ជំពាក់គេ ចំនួន២៤ម៉ឺនដុល្លារ ក្នុងបណ្តឹងឆបោកប្រាក់គេជាងកន្លៈលានដុល្លារអាមេរិក។
លោក រស់ ពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានី និងជាចៅក្រមជំនុំជម្រះក្នុងសំណុំរឿងនេះ បានបង្គាប់លោក ស៊ុន សារឿន ឲ្យបង់ប្រាក់សំណងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារ ទៅលោក សុខ ច័ន្ទដារា ដែលជាដើមបណ្តឹង។
តាមពាក្យបណ្តឹងនៅក្នុងសំណុំរឿងឆបោកប្រាក់ ហើយចេញសែកមិនមានសាច់ប្រាក់នេះ ម្ចាស់ប្រាក់បានទាមទារឲ្យលោក ស៊ុន សារឿន អាយុ៥២ឆ្នាំ សងបំណុល ដែលគិតសរុបជាទឹកប្រាក់ចំនួន៥២៤ ១៤៥ដុល្លារ ប៉ុន្តែលោកចៅក្រម រស់ ពិសិដ្ឋ មិនបានសម្រេចតាមការទាមទារខាងលើឡើយ ដោយគ្រាន់តែបង្គាប់ឲ្យលោក ស៊ុន សារឿន សងត្រឹមតែចំនួនទឹកប្រាក់ ដែលមានបញ្ជាក់នៅក្នុងសែកស្អុយតែប៉ុណ្ណោះ។
នៅក្នុងសវនាការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ ពិសិដ្ឋ បានសួរជនជាប់ចោទ ស៊ុន សារឿន ហេតុអ្វីបានជាចេញសែកមិនមានសាច់ប្រាក់ឲ្យទៅ លោក សុខ ច័ន្ទដារ៉ា ដែលម្ចាស់លុយចំពាក់ លោកឆ្លើយថា ដើម្បីឲ្យគេសប្បាយចិត្ត ទោះបីដឹងលោកថា មានទោសក៏ដោយ។
ដោយសារអំពើឆបោកខាងលើនេះ កាលពីដើមកក្កដា ឆ្នាំ២០២០ ចៅក្រមស៊ើបនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសទ្រព្យនិងអចលនទ្រព្យ ជិត២០ប្រភេទ ពីលោក ស៊ុន សារឿន ក្នុងករណីជំពាក់លុយគេ ជាងកន្លៈលានដុល្លារ ដែលលោកគេចវេសមិនព្រមសង។
សេចក្តីសម្រេចបង្ខាំងទុកទ្រព្យសម្បត្តិនេះ គឺធ្វើឡើងបន្ទាប់ពីកូនបំណូលបរាជ័យក្នុងការអនុវត្តកិច្ចសន្យាសងប្រាក់ទៅដើមបំណុល ដែលលោកបានសន្យាជាមួយតុលាការក្រុងភ្នំពេញ ដើម្បីឲ្យរួចពីការចាប់ដាក់គុក ហើយជនជាប់ចោទខាងលើនេះ នៅតែមិនព្រមសងប្រាក់ ដូច្នេះទើបអាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានអនុវត្តដោយបង្ខំ ហើយចាប់រឹបអូសបានរថយន្តពីរគ្រឿង និងអចលនវត្ថុមួយកន្លែង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈរថយន្តជាច្រើនគ្រឿងទៀត ត្រូវគេលួចដូរស្លាកលេខសម្គាល់ដើម្បីគេចវេសពីការចាប់រឹបអូស។
ចលនទ្រព្យ និងអចលនទ្រព្យ ដែលត្រូវរឹបអូសជាបណ្តោះអាសន្នពីឈ្មោះ ស៊ុន សារឿន មានដូចជាឃ្លាំង និងផ្ទះចំនួន៣កន្លែងផ្សេងគ្នា ព្រមចលវត្ថុមួយចំនួនទៀត មានដូចជារថយន្តតូចធំចំនួន១៤គ្រឿង ដើម្បីធានាដល់ការសងបំណុលជូនលោក សុខ ច័ន្ទដារា អាយុ៣២ឆ្នាំ ដែលត្រូវចាញ់បោកអស់ប្រាក់ដោយសារជនខាងលើនេះ។
Daily-Khmer មិនអាចសុំការបកស្រាយភាគីលោក ស៊ុន សារឿន បានឡើយ។
ចំណែកប្រភពច្បាស់ការណ៍ធ្លាប់ប្រាប់ Daily Khmer ឲ្យដឹងថា ដោយទង្វើឆបោកនេះហើយ ទើបមានបណ្តឹងដាក់ចូលតុលាការជាបន្តបន្ទាប់ពីភាគីផ្សេងទៀត ដែលអះអាងថា ត្រូវបុរសរូបនេះឆបោកដូចឈ្មោះ សុខ ច័ន្ទដារ៉ា ផងដែរ។
សូមរំឭកថា នៅក្នុងសំណុំរឿងឆប្រោកប្រាក់នេះ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទឈ្មោះ ស៊ុន សារឿន ពាក់ព័ន្ធករណីឆបោកប្រាក់៥២៤ ១៤៥ដុល្លារ ហើយចេញសែកស្អុយឲ្យម្ចាស់បំណុល។
ឈ្មោះ ស៊ុន សារឿន រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រថេសិន ឯ.ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារលើការ ដឹកជញ្ជូនទំនិញឆ្លងដែន ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២០ ដោយជាប់ពាក់ព័ន្ធពីបទឆបោក និងចេញសែកស្អុយ។
លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេច ចោទប្រកាន់ឈ្មោះ ស៊ុន សារឿន និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែលោកស្រី ស៊ លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន បន្ទាប់ពីជនត្រូវចោទខាងលើនេះបង់ប្រាក់ធានា និងសន្យាស្វះស្វែងរកប្រាក់សងម្ចាស់បំណុល។
ដោយសារចៅក្រមស៊ើបសម្រេចមិនឃុំខ្លួន ជាហេតុបង្កឲ្យខូចផលប្រយោជន៍របស់លោក សុខ ច័ន្ទដារា យ៉ាងធ្ងន់ធ្ងរ ទើបតំណាងអយ្យការដាក់ពាក្យប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍តែម្តង៕