ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។

លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន  តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហូតអ្នកខ្លះបានយកបណ្តាញសង្គមនេះ មកធ្វើការរិះគន់ និងញុះញង់ឲ្យមានការស្អប់ថ្នាក់ដឹកនាំ និងវាយប្រហារនគរបាល ខណៈដែលនគរបាលបានប្រព្រឹត្តកំហុសឆ្គងអ្វីជាដើមនោះ។

លោកអគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា «ការលេងបណ្តាញសង្គម ដូចជាយូធូប តិកតុក និងហ្វេសបុកនេះ ពេលឃើញគេបង្ហោះហើយសូមកុំទាន់ជឿ ហើយត្រូវយកមកពិចារណា ខណៈសព្វថ្ងៃនេះមានជនមួយចំនួនកំពុងតែបំពុលបរិយាកាសសង្គម ហើយជនខិលខូចខ្លះទៀតកំពុងតែយកបណ្តាញសង្គមនេះ មកបោកបងប្អូនប្រជាពលរដ្ឋយកលុយ។

លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសជាតិកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់សិក្ខាកាមជានគរបាលទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទាក់ទងនឹងមេរោគកូវិដ១៩ ខណៈមេរោគនេះនៅតែបន្តកើតឡើងជាបន្តបន្ទាប់នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងនេះ ៕