ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងជំនួបស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នាថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក រួមនឹងសហការី បានទទួលជួបស្វាគមន៍ លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) និងសហការី ។
ជំនួបនេះ គឺជាការជួបពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។
លោកឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការដែលលោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) នេះ ជាមួយសហព័ន្ធ ក្នុងភាពជាដៃគូ ក្នុងការងារការផលិតគ្រាប់ពូជ កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេសនានាផងដែរ ដែលវាជាការជួយគាំទ្រយ៉ាងខ្លាំងក្នុងការធ្វើយ៉ាងណាឱ្យវិស័យស្រូវអង្កររបស់កម្ពុជា មានភាពប្រកួតប្រជែង។
លោកបណ្ឌិត Yurdi Yasmi ក៏បានសម្តែងក្តីត្រេកអរចំពោះជំនួបនេះ ហើយសង្ឃឹមថា IRRI និងសហព័ន្ធ អាចរួមគ្នាសហការ ក្នុងការងារផែនការសកម្មភាពរបស់ IRRI រយៈពេល៥ឆ្នាំ ដែល IRRI និងក្រសួងកសិកម្មកម្ពុជា ទើបបានចុះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ជាមួយនឹងគោលដៅកែលំអវិស័យស្រូវអង្ករ ដោយបង្កើនការវិភាគលើផលិតភាពនិងភាពធន់នៃបណ្តាញខ្សែសង្វាក់តម្លៃ។
សហព័ន្ធស្រូវអង្ករកម្ពុជា និង IRRI នឹងបន្តសហការយ៉ាងជិតស្និទ្ធិជាមួយគ្នា ក្នុងភាពជាដៃគូ ទៅលើការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា តទៅមុខទៀត។